ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រទះឃើញឈើឈ្មួញលាក់ក្នុងស្រះទឹករឹបអូសយកមករក្សាទុកនៅសាលាស្រុក

ចែករំលែក៖

ខេត្តរតនគិរី៖ ឈើដែលពួកឈ្មួញលួចទម្លាក់ទុកក្នុងស្រះទឹក ត្រូវបានអង្គការការពារព្រៃឈើសត្វព្រៃ និងបរិស្ថានបានប្រទះឃើញ ហើយអភិបាលស្រុកបញ្ជាឲ្យរឹបអូសយកមករក្សាទុកនៅបរិវេណសាលាស្រុករង់ចាំវាស់វែងតាមក្រោយ ។

ការប្រទះឃើញឈើដែលឈ្មួញលាក់ទុកក្នុងស្រះទឹកនោះ និងត្រូវរឹបអូស សមត្ថកិច្ចបានធ្វើឡើងតាមបញ្ជារបស់លោកអភិបាលស្រុកវ៉ើនសៃ នៅវេលាម៉ោង១២និង១០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីប្រទះឃើញឈើនោះ មកលោកអភិបាលស្រុកបានបញ្ជាឲ្យលោកគិ ប៊ុនសូម អភិបាររងស្រុក ដឹកនាំកម្លាំងអធិការស្រុកកម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកងរាជអាវុធហត្ថខេត្ត និងលោក អុង ពៅ ជាមន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ ចុះរឹបអូសឈើនោះភ្លាមៗ បានចំនួន២៤សន្លឹក និងឈើប្រភេទ សសរចំនួន៦ដើម (ជាប្រភេទឈើកកោះ) ។

ក្រោយពីរឹបអូសឈើទាំងនោះបាន ក៏ដឹកជញ្ជូនយកទៅរក្សាទុកបណ្តេះអាសន្ននៅសាលាស្រុកវ៉ើនសៃរង់ចាំវាស់វែងនៅពេលក្រោយ ៕ ជីវ័ន្ត


ចែករំលែក៖