ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងត្រូវកងរាជអាវុធហត្ថដុតបំផ្លាញចោលនៅអូរយ៉ាដាវ

ចែករំលែក៖

ខេត្ត​រតន​គិរី៖ សមត្ថកិច្ចបង្ក្រាបម៉ូតូ​កែច្នៃ​មួយគ្រឿង​ ដឹកជញ្ជូន​បទល្មើស​ធនធាន​ធម្មជាតិ​ខុសច្បាប់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ។​

ការចាប់​ម៉ូតូ​ដឹកឈើ​នេះ​ បានធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១.០៥​នាទី​រសៀល
ថ្ងៃច័ន្ទ ១៣ រោច ខែអាសាឍ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចនិយាមកា(០៧៦០៣២៤-១៥១៨៥៥៦)​ស្ថិតនៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវខេត្តរតនគិរី​។​

ប្រភព​ពីកងរាជអាវុធហត្ថ​ខេត្ត​បាន​ឱ្យដឹងថា ដោយមាន​បទបញ្ជា​ផ្ទា​ល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​ដាក់​បទបញ្ជា​ឱ្យ ​លោក​វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ ឱ្យឃាត់​ចាប់​ម៉ូតូ​មួយគ្រឿង​បាន​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ ។​

ប្រភពបន្តថា នៅ​រសៀល​ម៉ោង​២.៣០​នាទី​ថ្ងៃដដែលនោះកម្លាំង​កងរាជអាវុធហត្ថ​បានប្រគល់​ឈើ​ប្រភេទ​លេខ​មួយសុ​ក្រំ​ចំនួន​២​កំណាត់ មានមុខ​កាត់​២០​បួន​ជ្រុង ប្រវែង​៣​ម៉ែត្រ ស្មើ​នឹង​០,៣២៤​ម៉ែត្រគូប ដើម្បី​យកទៅ​ឱ្យសង្កាត់​រដ្ឋបាលព្រៃឈើ​អូរ​យ៉ា​ដាវ ​រក្សា​ទុកជា​សម្បត្តិ​របស់​រដ្ឋ ។

ដោយឡែក​មធ្យោបាយ​ក្នុងការ​ដឹកជញ្ជូន​បទ​ល្មើស​ធនធានធម្មជាតិ ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​នៅ​ទល់មុខ​ស្នាក់​ការ​សន្តិសុខ​៧៨២ ។​

គួរ​រំលឹក​ផងដែរ​ថា នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៩​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ដុត​កម្ទេចចោល​រថយន្ត​កែច្នៃ​ចំនួន​៤​គ្រឿង រថយន្ត​បា​កុង​១​គ្រឿង គោយន្ត​កែច្នៃ​១​គ្រឿង ​និង​ម៉ូតូ​កែច្នៃ​ចំនួន​៣​គ្រឿង​ជា​បន្តបន្ទាប់​ផង​ដែរ​។​

អនុវត្ត​តាម​បទបញ្ជា​ពី​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជាការ​រង​កងយោធពលខេម​រភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យកម្លាំង​នៅ​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​វៀតណាម​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ឱ្យខាងតែ​បាន ពោល មិន​ថា​អ្នកមាន​លុយ​ណាក៏ដោយ ឬ​ឧកញ៉ា​ណាក៏ដោយ អ្នកមានអំណាច​ណាក៏ដោយ ត្រូវតែ​បង្ក្រាប​ទាំង​អស់​៕ ជីវ័ន្ត


ចែករំលែក៖