ខេត្តរតនគិរី៖ សមត្ថកិច្ចបង្ក្រាបម៉ូតូកែច្នៃមួយគ្រឿង ដឹកជញ្ជូនបទល្មើសធនធានធម្មជាតិខុសច្បាប់ ដោយគ្មានការអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើ ។
ការចាប់ម៉ូតូដឹកឈើនេះ បានធ្វើឡើងនៅវេលាម៉ោង១.០៥នាទីរសៀល
ថ្ងៃច័ន្ទ ១៣ រោច ខែអាសាឍ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចនិយាមកា(០៧៦០៣២៤-១៥១៨៥៥៦)ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។
ប្រភពពីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដាក់បទបញ្ជាឱ្យ លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថស្រុកអូរយ៉ាដាវ ឱ្យឃាត់ចាប់ម៉ូតូមួយគ្រឿងបានដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ ។
ប្រភពបន្តថា នៅរសៀលម៉ោង២.៣០នាទីថ្ងៃដដែលនោះកម្លាំងកងរាជអាវុធហត្ថបានប្រគល់ឈើប្រភេទលេខមួយសុក្រំចំនួន២កំណាត់ មានមុខកាត់២០បួនជ្រុង ប្រវែង៣ម៉ែត្រ ស្មើនឹង០,៣២៤ម៉ែត្រគូប ដើម្បីយកទៅឱ្យសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ រក្សាទុកជាសម្បត្តិរបស់រដ្ឋ ។
ដោយឡែកមធ្យោបាយក្នុងការដឹកជញ្ជូនបទល្មើសធនធានធម្មជាតិ ត្រូវបានដុតបំផ្លាញចោលនៅទល់មុខស្នាក់ការសន្តិសុខ៧៨២ ។
គួររំលឹកផងដែរថា នៅក្នុងខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បានដុតកម្ទេចចោលរថយន្តកែច្នៃចំនួន៤គ្រឿង រថយន្តបាកុង១គ្រឿង គោយន្តកែច្នៃ១គ្រឿង និងម៉ូតូកែច្នៃចំនួន៣គ្រឿងជាបន្តបន្ទាប់ផងដែរ។
អនុវត្តតាមបទបញ្ជាពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំងនៅតាមបន្ទាត់ព្រំដែននៃប្រទេសវៀតណាមបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យខាងតែបាន ពោល មិនថាអ្នកមានលុយណាក៏ដោយ ឬឧកញ៉ាណាក៏ដោយ អ្នកមានអំណាចណាក៏ដោយ ត្រូវតែបង្ក្រាបទាំងអស់៕ ជីវ័ន្ត