ភ្នំពេញ៖ ចេញដំណើរពីកម្ពុជាកាលពីថ្ងៃទី៣១ ខែកក្កដានេះ តារាចម្រៀងស្រីស្រស់សោភា កញ្ញា បាន មុនីល័ក្ខ បានមកដល់ព្រះរាជាណាចក្រថៃហើយដើម្បីចូលរួមច្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមិត្តភាពអាស៊ានឆ្នាំ២០១៩ (Asean Friendship Concert 2019) ។ មកដល់ភ្លាម តារាស្រីរូបនេះបានសាកល្បង សមភ្លេងរួមគ្នាអបដោយបទចម្រៀងថ្មីផ្ទាល់ខ្លួនដ៏ទាក់ទាក់ និងការច្រៀងរួមគ្នាជាមួយតារាចម្រៀងថៃបានយ៉ាងល្អរហូតផលិតករនៃកម្មវិធីនេះសរសើរមិនដាច់ពីមាត់ ។
មានបទចម្រៀងប្រមាណ៤បទដែលតារាចម្រៀងបាន មុនីល័ក្ខនឹងច្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីដែលមានតារាចម្រៀងតំណាងមកពីប្រទេសក្នុងតំបន់អាស៊ាន និងចិនចូលរួម ។ ក្នុងនោះបទចម្រៀងខ្មែរថ្មីចំនួន២បទគឺបទ “I am me” និងបទ”ពេញចិត្តនូវអ្វីដែលយើងមាន” ដែលជាបទនិពន្ធថ្មីអមដោយសំឡេងតន្ត្រីលាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណខ្មែរ និងតន្ត្រីសម័យ យ៉ាងពិរោះរណ្តំ ។ តាមការបញ្ជាក់របស់តារាស្រីរូបនេះ បានលើកឡើងថាផលិករនៃព្រះរាជាណាចក្រថៃ មានការពេញចិត្ត និងភ្ញាក់ផ្អើលជាខ្លាំងសម្រាប់បទចម្រៀងថ្មីដ៏មានអត្ថន័យរបស់តារាស្រីរូបនេះ ។
នាងបន្តថាអ្វីដែលកាន់តែពេញចិត្ត និងសរសើរមិនដាច់ពីមាត់គឺក្រោយពី តារាចម្រៀងតំណាងពីកម្ពុជារូបនេះបានហ្វឹកហាត់សមឆាកដំបូងនូវបទចម្រៀងល្បីប្រចាំប្រទេសថៃមួយបទមានចំណងជើងថា”ចាកចេញពីស្រុកឲ្យនាងនៅតែម្នាក់ឯង” ដែលបទចម្រៀងនេះនាងនឹងច្រៀងរួមជាមួយតារាចម្រៀងថៃល្បីឈ្មោះលោក Tachaya Pratumwan ។ ក្រៅពីនេះនាងនឹងច្រៀងរួមជាមួយតារាចម្រៀងមកពីបណ្តាប្រទេសអាស៊ាន និងចិន នូវបទចម្រៀងជាភាសាអង់គ្លេសគឺបទ”Advancing Together As One” ។
គួរបញ្ជាក់ដែរថាតារាចម្រៀងសំនៀងក្រអួនស្រីស្រស់សោភា កញ្ញាបាន មុន្នីល័ក្ខ ត្រូវបានជ្រើសរើសជាតារាចម្រៀងតំណាងពីកម្ពុជា តាមរយៈស្ថានីយទូរទស្សន៍ក្រសួងមហាផ្ទៃ Nice TVដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយនៅមហោស្រព Aksara Theatre King Powerនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នាទីក្រុងបាងកកប្រទេសថៃ ។ កម្មវិធីនេះត្រូវបានរៀបចំដោយវិទ្យុថៃ នៅក្រោមនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល ក្រោមការចូលរួមពីអ្នកចម្រៀងទាំង១០ប្រទេសនៃតំបន់អាស៊ាន និងតារាចម្រៀងមកពីប្រទេសចិន ។ កម្មវិធីនេះក៏នឹងផ្សាយផ្ទាល់ និងចាក់ផ្សាយនៅលើបណ្តាញសង្គម វិទ្យុ និងទូរទស្សន៍NBT របស់ថៃផងដែរ៕ វឌ្ឍនា