ភ្នំពេញ ៖ ពិព័រណ៍វិស័យអាគារ សំណង់ និងឧស្សាហកម្មផ្នែកមេកានិច និងអេឡិចត្រូនិចខ្នាតអន្តរជាតិលំដាប់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា CAMBUILD2019 នឹងមាន វត្តមាន ក្រុមហ៊ុនច្រើនជាង៥០០ក្រុមហ៊ុន និងម៉ាកសញ្ញាមកពី២៨ប្រទេស នឹងបង្ហាញផលិតផល សេវា និងដំណោះស្រាយដ៏ថ្មីបំផុតរបស់ខ្លួន សំរាប់ការអភិវឌ្ឍន៏វិស័យសំណង់ រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ចាប់ពីថ្ងៃ១៨ ដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។
លោក អេនឌ្រូ ប្រធានក្រុមហ៊ុន AMB Tarsus Events Group និងជាអ្នករៀបចំពិព័រណ៍នេះឡើង បានថ្លែងអោយដឹងថា កម្មវិធីរយៈពេល៣ថ្ងៃនេះ ត្រូវបានរំពឹងទុកជាមុនថា នឹងជាទីប្រជុំដោយអ្នកជំនាញការក្នុងវិស័យឧស្សាហកម្មសំណង់ ជាង៨០០០នាក់ នៅក្នុងស្រុក រួមមានស្ថាបត្យករ អ្នករចនា អ្នកអភិវឌ្ឍ វិស្វករផ្នែកមេកានិច និងអេឡិចត្រូនិច អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ។
លោកបន្តថា នៅក្នុងកំឡុងពេល៥ខែដំបូង នៃឆ្នាំ២០១៩ វិស័យសំណង់ ក្នុងប្រទេសកម្ពុជា បានពង្រីកវិសាលភាពខ្លួនជាង៦០% បើប្រៀបទៅនិងកំឡុងពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ដើម្បីស្របទៅនឹងល្បឿននៃការអភិវឌ្ឍន៏ CAMBUILD 2019 បានក្លាយជាវេទិការដ៏ល្អបំផុតក្នុងការស្វែងរកប្រភពនៃការផ្គត់ផ្គង់ និងបច្ចេក
វិទ្យាថ្មីៗ ឪកាសជាវផលិតផលថ្មី ក្នុងតម្លៃពិសេស និងទទួលបានពត៌មានទាក់ទងនឹងគំនិតច្នៃប្រឌិតថ្មីៗផងដែរ។ ការផ្តល់ជូននេះមិនកំណត់ត្រឹមតែផលិតផលក្នុងស្រុក ប៉ុណ្ណោះទេ តែរួមបញ្ចូលទាំងផលិតផលអន្តរជាតិ ក្នុងនោះមានពន្លាជាតិតំណាងប្រទេសចិន ឥណ្ឌា អ៉ីតាលី កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងសាំងហ្គាពួរ។ ផលិតផលជាច្រើននឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ការតាំងពិព័រណ៌នេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាក្រសួងសំខាន់ៗ ព្រមទាំងសមាគមន៏ឧស្សាហកម្ម ដែលមានដូចជាគណៈស្ថាបត្យករ កម្ពុជា ក្រសួងរៀបចំដែនដីនគរូបដីយកម្ម និងសំណង់ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អជ្ញាធរអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ពិព័រណ៍ CAMBUILD 2019 នឹងផ្តល់ជូនលោកអ្នកនូវសិក្ខារសាលាបច្ចេកទេសដែលនឹងផ្តោតសំខាន់ទៅលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និន្នាការ និងដំណោះស្រាយផ្សេងៗដែលទាក់ទងនឹងវិស័យឧស្សាហកម្ម៕ស តារា