ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងព្រះសីហនុ ចុះអនុវត្តឈូសឆាយ រំដោះចិញ្ចើមផ្លូវ ខណៈក្រុមអាជីវកម្មបង្កផលប៉ះពាល់ តាមបណ្ដោយផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដើម្បីរំដោះចិញ្ចើមផ្លូវ ដែលតែងតែការកកស្ទះចរាចរណ៍នឹងបាត់បង់សោភ័ណភាពទីក្រុង ខណៈក្រុមអាជីវកម្ម បានបង្កផលប៉ះពាល់ តាមបណ្ដោយផ្លូវសាធារណៈ នៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃពុធ ១៥រោច ខែអាសាឌ្ឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុបានដឹកនាំមន្ត្រីសាលាក្រុង សហការជាមួយសង្កាត់លេខ៣ និងប្រជាការពារក្រុង ចុះអនុវត្តការរំដោះចិញ្ចើមផ្លូវ នៅតាមបណ្ដោយផ្លូវ (ឧតុនិយម) មុខមន្ទីរឧតុនិយមដែលស្ថិតនៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ- ខេត្តព្រះសីហនុ ។

បើតាមលោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានឲ្យដឹងថា ការចុះអនុវត្តឈូសឆាយ រំដោះចិញ្ចើមផ្លូវខាងលើនេះ ដោយសារក្រុមអាជីវកម្មរបស់គាត់ បានធ្វើឲ្យផលប៉ះពាល់ តាមបណ្ដោយផ្លូវសាធារណៈ របស់រដ្ឋ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ នឹងបាត់បង់សោភ័ណភាពទីក្រុងទៀតផង។

លោកបានបន្តថា ជាក់ស្ដែងដូចជាតាមបណ្ដោយផ្លូវនេះ ការធ្វើអាជីវកម្មរបស់គាត់ មិនត្រឹមតែធ្វើតាមដីកម្មសិទ្ធិ ដែលគាត់បានជួលពីគេយកមកបើកធ្វើអាជីវកម្មនោះទេ ពួកគាត់បានតរជាសំយ៉ាប និងចាក់បេតុង លើចិញ្ចើមផ្លូវ ដែលបង្កផលប៉ះពាល់ ផ្លូវធ្វើដំណើរ ដោយថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋ និង ការឈប់ចតរថយន្ត ឲ្យផុតពីចិញ្ចើមផ្លូវ។ចំពោះទីតាំងដែលបានអនុវត្តនេះ លោកបានបញ្ជាក់ថា ក្រុមការងារសាលាក្រុង ដែលក្រោមការដឹកនាំរបស់ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចុះធ្វើការណែនាំ និងធ្វើកំណត់ហេតុចំនួន២ដងរួចមកហើយ ទាំងលើកនេះគឺ ៣ដង ប៉ុន្តែម្ចាស់ សំណង់ក៏ដូចជាម្ចាស់អាជីវកម្មខាងលើហាក់មិនយកចិត្តទុកដាក់ចំពោះសេចក្ដីណែនាំរបស់រដ្ឋបាលក្រុងនោះឡើយ ទើបរដ្ឋបាលក្រុងសម្រេចធ្វើការឈូសឆាយ។ លោកបានបន្ថែមថា នៅរសៀលថ្ងៃទី៣១ កក្កដានេះ ទីតាំងដែលត្រូវបានឈូសឆាយគឺមាន ៨ ទីតាំង ដែលផ្គើនទៅនឹងសេចក្ដីណែនាំរបស់សាលាក្រុង។

ជាចុងក្រោយ ក្នុងនាមលោក ជាអភិបាលរងក្រុងព្រះសីហនុដែលក្រោមការដឹកនាំរបស់លោកអភិបាលក្រុង សូមអំពាវនាវដល់បងប្អូន ដែលធ្វើអាជីវកម្ម តាមដងផ្លូវ ឬលើចំណីផ្លូវសាធារណៈបង្កផលប៉ះពាល់ ដល់ការធ្វើដំណើរនិង សោភ័ណភាពទីក្រុង ត្រូវមានច្បាប់អនុញ្ញាត ក្នុងការសាងសង់ត្រូវមានការសហការជាមួយជំនាញ ធ្វើការវាស់វែងឲ្យបានត្រឹមត្រូវ ជៀសវាងការសង់រំលោភ លើចំណីផ្លូវសាធារណៈ។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការសហការជាមួយ និងគោរពច្បាប់ទាំងអស់គ្នា៕ ស តារា


ចែករំលែក៖