ភ្នំពេញ៖ ពិតជាធ្វើគុណបានទោសមែន នារីម្នាក់ត្រូវមិត្តប្រុសនាំមកសុំពូរបស់ខ្លួនឲ្យស្នាក់នៅជាមួយ បែរជាមិនដឹងគុណ ហ៊ានលួចលុយពូបានចំនួន៤០០ដុល្លារ រត់គេចខ្លួន ប៉ុន្តែបានតែ៥ថ្ងៃប៉ុណ្ណោះ ជនរងគ្រោះឃើញចាប់ប្រគាល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមសាកសួរ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ២១ និង៣០នាទី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យមាន ឈ្មោះ ម៉ឺន ស្រីណែត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ កន ឆង់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាគារឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារបាត់បង់ ៖ លុយដុល្លារចំនួន៤០០ដុល្លារ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់របស់ខ្លួន ស្រាប់តែក្មួយប្រុសរបស់ជនរងគ្រោះ ឈ្មោះ គឹម មិថុនា និងជនសង្ស័យឈ្មោះ ម៉ឺន ស្រីណែត មកសុំស្នាក់នៅជាមួយ ។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាថ្ងៃត្រង់ ជនរងគ្រោះត្រឡប់មកពីធ្វើការវិញ បានឲ្យជនសង្ស័យយកលុយ១០.០០០រៀល ពីក្នុងកាបូបទៅទិញម្ហូប ដោយជនរងគ្រោះកំពុងដេកលក់ ហើយជនសង្ស័យបានលួចយកលុយចំនួន៤០០ដុល្លារ និងបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០ និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងអង្គុយក្នុងម៉ូតូកង់បី ក្បែរសួនកុមារពោធិ៍ចិនតុង សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ ក៏បានឃាត់នាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា