ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញការិយាល័យដែនជំរក និងកងរាជអាវុធហត្ថឃាត់បានរថយន្ត២ គ្រឿង ដុតបំផ្លាញចោល

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងជំនាញការិយាល័យដែនជម្រកសត្វព្រៃសីមា និងកម្លាំងកងរាជអាវុធហត្ថស្រុក បានរុករកឃើញរថយន្តម៉ាកកាមរីហើម កែឆ្នៃចំនួន ០២ គ្រឿង ដែលជាមធ្យោបាយកែច្នៃសម្រាប់ដឹកជញ្ជូនផលអនុផលព្រៃឈើ គ្មានច្បាប់អនុញ្ញាតយកមកដុតបំផ្លាញចោល។

ការដុតបំផ្លាញចោលនេះ សមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៩ (គីឡូចាស់) ក្នុងដែនជម្រកសត្វព្រៃសីមា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពថា រថយន្តនោះបំរុងដឹកឈើយកទៅលក់នៅប្រទេសវៀតណាម​ហើយម្ចាស់បានគេចខ្លួនបាត់ភ្លាមៗដែរមុនពេលសមត្ថកិច្ចចុះទៅដល់។

ក្រោយពីបង្ក្រាបបានរថយន្តដែលជាមធ្យោបាយដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតនោះ នឹងទទួលបានបទបញ្ជាពីប្រធានគណៈកម្មការថ្នាក់ជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ កម្លាំង បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុក និងជំនាញ បានដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ៕ ជីវ័ន្ត


ចែករំលែក៖