ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី និងកូន២នាក់កំពុងហូបបាយត្រូវភ្លៀងខ្យល់កន្ត្រាក់ដួលរលំផ្ទះសង្កត់ស្លាប់ និងរងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង​៖ មានករណីភ្លៀង និងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្ដាលឲ្យដួលរលំផ្ទះសង្កត់ ស្រ្តី​ម្នាក់​ស្លាប់ និង​កូន​២នាក់ទៀតរងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃប្រឹស​ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ពិន សៀន អាយុ៤៧ឆ្នាំ មុខរបរកសិករ ​កូនស្រី រងរបួស មានឈ្មោះ សុខនី អាយុ៥ឆ្នាំ និង​ឈ្មោះ សុភាន់ ភេទប្រុស អាយុ២ឆ្នាំ អ្នកទាំង៣ រស់ក្នុងភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ប្រភពបន្តថា មូលហេតុដែលស្លាប់ស្ត្រីខាងលើ ខណៈដែលកំពុងញាំបាយ មិនបានចាប់អារម្មណ៍ ស្រាប់តែមេឃភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់ដួលរលំសង្កត់តែម្ដង។
ករណីបាតុភូតធម្មជាតិ ភ្លៀងលាយលំនឹងខ្យល់កន្រ្តាក់នេះ ក៏បានធ្វើឲ្យរលំផ្ទះប្រជាពលរដ្ឋ ១ខ្នង និង​របើក​ដំបូលផ្ទះ៧ខ្នងទៀតផងដែរ ។
បច្ចប្បន្ន សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដីសោកសង្រេងបំផុត ៕ យឹម សុថាន

ចែករំលែក៖