ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រតិកម្ម យ៉ាងខ្លាំងក្រោយអាមេរិក ប្រកាសដំឡើងពន្ធ​៣០០ពាន់លានដុល្លារ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសចិន លោក​ វ៉ាង យី បានប្រកាស នៅថ្ងៃទី​២ ខែសីហា​ថា ទីក្រុងវ៉ាស៊ីនតោន​ប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីចិន គឺជាសកម្មភាព មិនអាចទទួលយកបាន ហើយប៉ះពាល់យ៉ាងខ្លាំងដល់ការខិតខំ ដោះស្រាយវិវាទពាណិជ្ជកម្ម ប្រទេសទាំងពីរ ។

រដ្ឋមន្ត្រីការបរទេសចិន បានប្រកាសនៅទីក្រុងបាងកកពេលចូលរួម កិច្ចប្រជុំអាស៊ានថា «​ការដំឡើងពន្ធគឺជារនាំង រារាំងរាល់ការខិតខំ​បញ្ចប់វិវាទពាណិជ្ជកម្ម ប្រទេសទាំងពីរ ។ សកម្មភាពទាំងនោះ មិនមែនជារឿងត្រឹមត្រូវឡើយ» ។

ពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ​នៅថ្ងៃទី​២ ខែសីហា បានប្រកាសថា​ អាមេរិកនឹងដំឡើងពន្ធចំនួន១០ភាគរយបន្ថែមទៀត លើមុខទំនិញ នាំមកពីប្រទេសចិន ដែលមានតម្លៃសរុប​៣០០ពាន់លានដុល្លារអាមេរិក​ ។ ការដំឡើងពន្ធបន្ថែមនេះ ​នឹងចូលជាធរមាន នៅថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ ។

លោក ដូណាល់ ត្រាំ បានប្រកាសបែបនេះ នៅលើបណ្តាញសង្គម Twitter ​កាលពីថ្ងៃទី​១ ខែសីហា (ម៉ោងនៅអាមេរិក) ក្រោយពេលលោកប្រធានាធិបតីអាមេរិក ទទួលបានរបាយការណ៍ ស្តីអំពីកិច្ចពិភាក្សា លើវិស័យពាណិជ្ជកម្មជាមួយចិន ​នៅទីក្រុងសៀងហៃ ប្រទេសចិន ។

បើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺមន្ត្រីនៃប្រទេសទាំងពីរ អាមេរិក និងចិន នឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ហើយលោកសង្ឃឹមថា កិច្ចពិភាក្សានេះ នឹងទទួលបានកិច្ចព្រមព្រៀងមួយជាមួយចិន ។ លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង ថា ចិនមិនគោរពពាក្យសន្យា ទិញ​ផលិតផលកសិកម្មពីអាមេរិក ក៏ដូចជា ការលក់ឱសថ​បំបាត់ការឈឺចាប់​ Fentanyl ​ទៅកាន់អាមេរិកផងដែរ​ ។

សកម្មភាពខាងលើបានធ្វើឲ្យទីផ្សា មូលបត្រ(ភាគហ៊ុន)អាមេរិកធ្លាក់ចុះ ចំណែកតម្លៃប្រេងវិញឡើងថ្លៃខ្ពស់​ ក្រោយការប្រកាសរបស់លោកត្រាំ​ ។ ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ​ក៏បានប្រកាសថា ការដំឡើងពន្ធរបស់អាមេរិក និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ដើរយឺត នៅក្នុងឆ្នាំ​២០២០ គឺថយចុះ​០,២ភាគរយ​ ។

តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer ​ និងរដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច លោក​ Steven Mnuchin ទើបតែបានបញ្ចប់នូវកិច្ចពិភាក្សា ស្ដីអំពីពាណិជ្ជកម្ម នៅទីក្រុងសៀងហៃ ប្រទេសចិន ។ នេះជាជំនួបលើកដំបូងហើយ បន្ទាប់ពី​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្រេចតភ្ជាប់នូវកិច្ចពិភាក្សាគ្នា​ឡើងវិញ កាលពីចុង ខែមិថុនា ឆ្នាំ២០១៩ កន្លមកមកនេះ៕


ចែករំលែក៖