ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិម៉ាឡេស៊ីម្នាក់ ទៅដេកផ្ទះស្រីស្នេហ៍មួយយប់ ព្រឹកឡើងរឹងស្ដូក

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដែលមានស្រីស្នេហ៍ជាជនជាតិវៀតណាម ហើយបាននាំគ្នាមកក្នុងបន្ទប់ផ្ទះជួលរបស់នាង១យប់ស្រាប់តែព្រឹកឡើងឃើញប្រុសស្នេហ៍ដេកស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យជាក់ស្តែងតែម្តង ។

ករណីមនុស្សដេកស្លាប់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ផ្ទាល់ដីផ្ទះជួលលេខ១២ ផ្លូវលេខ៣០០ស្ទួន ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។

ជនរងគ្រោះមានឈ្មោះ TEECHENPANG អាយុ២៩ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ A60080655 ចំណែកឯនារីជាសង្សារឈ្មោះ ង.ប.វ អាយុ២៨ឆ្នាំ មុខរបរជាភ្ញៀវទេសចរស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។

យោងតាមរបាយការណ៍របស់នគរបាលជំនាញខណ្ឌបឹងកេងកង បានឲ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះ បានមកដេកនៅផ្ទះជួលរបស់សង្សារខ្លួន លុះព្រឹកឡើងដោយសង្សារឃើញជនរងគ្រោះ ដេកមិនទាន់ភ្ញាក់ រួចយកដៃទៅអង្រួនដាស់តែមិនភ្ញាក់ ពេលស្ទាបខ្លួនមើលទៅមានសភាពរឹងកំព្រឹស ទើបដឹងថា បុរសជាសង្សារបានស្លាប់ទៅហើយ ។

បន្ទាប់ពីទទួលបានដំណឹង សមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច័យបានចុះមកដល់ទីតាំងកើតហេតុ ត្រួតពិនិត្យឃើញថា ជនរងគ្រោះ បានប្រើប្រាស់ថ្នាំញៀនច្រើនហួសកម្រិតពេក ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់តែម្ដង ។

បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅកាន់ប្រទេសកំណើតវិញ ៕ ស រស្មី


ចែករំលែក៖