ខេត្តមណ្ឌលគិរី៖ រថយន្តដែលជាមធ្យោបាយដឹកបទល្មើសធនធានធម្មជាតិ ត្រូវសមត្ថកិច្ចមូលដ្ឋានក្រោមការចង្អុលបង្ហាញពីប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិបានសម្រេចដុតកម្ទេចចោលទៀតហើយ ។
រថយន្តដែលត្រូវសមត្ថកិច្ចដុតបំផ្លាញចោលនោះ បង្ក្រាបបាននៅថ្ងៃពុធ ១៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅក្នុងភូមិសាស្ត្រភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។
រថយន្តល្មើសត្រូវបានសមត្ថកិច្ចចាប់គ្រាដែលដឹកឈើបេងចំនួន៥៦ដុំដែលស្មើនិង០,៩៦៧ម៉ែត្រត្រីគុណ ហើយរថយន្តនេះម៉ាកកាមេរីហើមចង្កូតឆ្វេងពុំមានស្លាកលេខដែេលម្ចាស់បានរត់គេចខ្លួនពេលសមត្ថកិច្ចធ្វើប្រតិបត្តិការបង្ក្រាប ។
ឈើត្រូវដឹកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរាំងដោយឡែករថយន្តត្រូវយកទៅដុតកម្ទេចចោលម៉ោងជាង៩ព្រឹកថ្ងៃព្រហស្បតិ៍២កើតខែអាសាឍណ៍ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ហើយនៅក្នុងខេត្តមណ្ឌលគិរីតាមសេចក្តីរាយការណ៍បឋមបានបង្ហាញថារថយន្តដឹកបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំឡានប៉ាកុង ចំនួន៣២គ្រឿង ត្រូវបានដុតចោលរួចរាល់ ។
ជាមួយគ្នានោះ រថយន្តធន់តូចក្នុងស្រុកកែវសីមាចំនួន៣គ្រឿង និងស្រុកអូរាំងចំនួនមួយគ្រឿងបានដុតកម្ទេចចោលដូចគ្នាផងដែរ ៕ ជីវ័ន្ត