ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់១កង់ ចំណែកអ្នកបើកបររងរបួសស្រាល រីឯរថយន្តក្រឡាប់ផ្ងារជើង ។

ហេតុការណ៏នេះកើតឡើងនៅម៉ោង៧និង៣០នាទី យប់ ថ្ងៃ អាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ ខាងមុខច្រកចូលផ្សារ ទួលគោក ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៦១៤ ក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើក រថយន្ត មួយគ្រឿង ម៉ាក CELICA ពណ៌ខ្មៅស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខភ្នំពេញ2O.1058 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើត ហេតុបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង អ្នកបើកបររងរបួសស្រាល ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចរាចរ ចុះមកស្ទូចយករថយន្ត បង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖