ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនមិនដែលភ្លេចថ្ងៃឈឺចាប់បំផុត ដែលត្រូវទទួលរងការទម្លាក់គ្រាប់បែកបរមាណូ

ចែករំលែក៖

ទោះបីជប៉ុន និងអាមេរិកមានទំនាក់ទំនងយ៉ាងល្អក្តី តែប្រទេសនេះមិនដែល ភ្លេចថ្ងៃ​ឈឺចាប់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺថ្ងៃដំបូងដែលទីក្រុង ហ៊ីរ៉ូស៊ីម៉ា ត្រូវអាមេរិក​ទម្លាក់គ្រាប់ក្នុងសង្គ្រាមលោកលើកទីពីរ​ ។ ទម្លាក់គ្រាប់នោះ បានធ្វើឲ្យជប៉ុន ក្លាយ​ជាប្រទេសតែមួយគត់ នៅលើពិភពលោក ទទួលរងការវាយប្រហារដោយបរមាណូ ។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៦ ខែសីហា ជប៉ុនបានប្រារព្ធខួប ថ្ងៃអាមេរិកទម្លាក់គ្រាប់បែក មិនដែលខាននោះឡើយ មកទល់ពេលនេះគឺខួប ៧៤ឆ្នាំទៅហើយ​ ។ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) របស់ប្រទេសជប៉ុន ដែលកាលណោះបានឆក់យកជីវិតមនុស្ស ១៤០,០០០នាក់ នៅចុងសម័យសង្គ្រាមលោកលើកទីពីរ ។

ពិធីរំលឹកខួបដ៏ឈឺចាប់ប្រចាំប្រវត្តិសាស្ត្រជប៉ុននេះ ត្រូវបានចូលរួមដោយមន្ត្រីរាជការ ភ្ញៀវអន្តរជាតិ និងពលរដ្ឋជប៉ុនសរុប ៥០,០០០នាក់ នៅក្នុងឧទ្យាននៃការចងចាំដល់សន្តិភាព (Peace Memorial Park) ស្ថិតនៅក្បែរទីតាំង Ground Zero នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាផ្ទាល់ ។ ស្ថិតក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ បានថ្លែងយ៉ាងដូច្នេះថា «វាពិតជាសំខាន់ខ្លាំងណាស់ ដែលពិភពលោកមួយត្រូវតែរួចចាកផុតពីអាវុធនុយក្លេអ៊ែរ…» ។

លោក អាបេ ក៏បានសង្កត់ធ្ងន់ផងដែរក្នុងនាមជាប្រទេសតែមួយគត់ ដែលធ្លាប់បានរងគ្រោះ ដ៏ជូរចត់បំផុតដោយសារគ្រាប់បែកអាតូមិក កាលពីសម័យសង្គ្រាមនោះ កាតព្វកិច្ចរបស់ជប៉ុនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនោះ គឺគ្មានការផ្លាស់ប្តូរឡើយ ទោះបីជាឈានចូលមកដល់រជ្ជកាលរៃវ៉ា (Reiwa) នៃព្រះចៅអធិរាជអង្គថ្មីក៏ដោយ ។

គួរបញ្ជាក់ថា គ្រាប់បែកអាតូមិកមួយគ្រាប់ ដែលមានស្នូលពោពេញដោយសារធាតុអ៊ុយរ៉ាញ៉ូម ត្រូវបានយន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិក ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុននៅវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ និងបានសម្លាប់មនុស្សសរុប ១៤០,០០០នាក់ ។ បន្ថែមពីនេះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំដដែល អាមេរិក៏បានទម្លាក់មួយគ្រាប់ទៀត ទៅលើទីក្រុងណាហ្គាសាគិ (Nagasaki) ដែលជាហេតុធ្វើឲ្យជប៉ុនព្រមចុះចាញ់សង្គ្រាមលោកលើកទីពីរ៕


ចែករំលែក៖