ខេត្តបាត់ដំបង៖ បុរសម្នាក់បានជាប់ក្នុងរូងភ្នំនៅខេត្តបាត់ដំបងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៤រហូតដល់ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មិនទាន់ត្រូវបាននាំចេញពីរូងភ្នំនៅឡើយនោះទេ ។
សេចក្តីរាយការណ៍ឱ្យដឹងថា ក្រុមសង្រ្គោះនៃអង្គភាព៧១១របស់កងពលតូចលេខ៧០ធ្វើដំណើរតាមយតន្តហោះពីភ្នៅពេគនៅរសៀលថ្ងៃនេះដឹកនាំដោយអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍គន់ គីម គ្រោងទៅដល់ទីតាំងកើតហេតុដើម្បីរកវិធីសាស្រ្តសង្រ្គោះនាំបុរសនោះចេញពីរូងភ្នំ ។
សេចក្តីរាយការណ៍ឱ្យដឹងថាការជាប់នៅក្នុងរូងភ្នំខណៈដែលបុរសនោះបានចូលទៅក្នុងរូងភ្នំដើម្បីរកអាចម៌ប្រចៀវ។ទីតាំងកើតហេតុស្ថិតនៅរូងភ្នំចក្រី ខាងកើតសាលារៀនហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
អធិការនគរបាលស្រុកភ្នំព្រឹកលោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ ប្រាប់ឱ្យដឹងថា បុរសនោះមានឈ្មោះ ស៊ុំ បូរ៉ា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ បុរសនោះត្រូវបានសាច់ញាតិរកឃើញក្រោយពីទៅរកអាចម៌ប្រចៀវនិងបាត់ខ្លួនមិនបានត្រឡប់ មកផ្ទះវិញ។
លោកអធិការនគរបាលស្រុកភ្នំព្រឹកឱ្យដឹងទៀតថាបុរសនោះនៅជាប់ក្នុងក្រលៀតភ្នំ អាចនិយាយឆ្លើយឆ្លងជាមួយក្រុមសង្រ្គោះបាន។ស្ថានភាពសុខភាពបុរសរងគ្រោះនៅរឹងមាំធម្មតាដោយក្រុមសង្រ្គោះបានព្យួរសេរ៉ូមបន្តក់ទឹកបបរ និងទឹកឱ្យទទួលទានតាមក្រលៀតភ្នំ។
លោកអធិការបញ្ជាក់ទៀតថាជនរងគ្រោះធ្លាប់ចេញចូលក្នុងរូងភ្នំខាងលើដើម្បីរកអាចម៌ប្រចៀវជាធម្មតាមិនមានបញ្ហាអ្វីកើតឡើងនោះទេដោយឡែកសម្រាប់នៅថ្ងៃកើតហេតុថ្ងៃទី៤ ខែសីហា គាត់ចូលទៅក្នុងរូងភ្នំនោះហើយក៏ធ្លាក់ពិលពីដៃ ដោយយកជើងរាវរកពិល ស្រាប់តែរបូតដៃធ្លាក់ចូលក្នុងក្រលៀតភ្នំ ជាប់ក្នុងនោះតែម្តង។
សូមបញ្ជាក់ថាខណៈដែលមានការជាប់គាំងបុរសនៅក្នុងរូងភ្នំយកមិនទាន់ចេញបាន នៅចំណុចខាងលើគេឃើញក្រុមគ្រួសារបុរសរងគ្រោះបានធ្វើពិធីបន់ស្រន់នៅកន្លែងកើតហេតុតាមអប៉ិយជំនឿសាសនាខ្មែរយើងពីបុរាណដោយគ្រួសារបុររងគ្រោះជឿថាមកពីបុរសនោះបានយកកងបុរាណចំនួន៩និងឆ្អឹងម្យ៉ាងចេញពីរូងភ្នំ ប៉ះពាល់របស់គេទើបជាប់ក្នុងរូងភ្នំបែបនោះ។នៅកន្លែងកើតហេតុគេឃើញ ភរិយាបុរសរងគ្រោះយកកងបុរាណចំនួន៩និងឆ្អឹងដើម្បីធ្វើពិធីប្រគល់ឱ្យគេវិញ អនុវត្តតាមអប៉ិយជំនឿ៕សំ វិច្ឆិកា