ភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជំនាញឆ្កឹះសោបន្ទប់លួចសម្ភារប្រជាពលរដ្ឋបានសម្រេចជាច្រើនដង លើកនេះមកឆ្កឹះម្តងទៀតត្រូវម្ចាស់ផ្ទះតាមទាន់ស្រែកឆោឡោផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវសុធារស ក្រុម៤៨ ភូមិ៩ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យខាងលើឈ្មោះ ចាន់ សិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវនរោត្តម ក្រុម១២៣ ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ជាមនុស្សញៀនថ្នាំ និងចូលចិត្តលេងល្បែង) ។ ចំណែកជនរងគ្រោះឈ្មោះ ផល រដ្ឋា ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់លេខC៥ ជាន់ទី៣ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
តាមប្រភពពីមន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យរូបនេះ គឺកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ជនសង្ស័យបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់នៅផ្ទះកើតហេតុខាងលើ នៅបន្ទប់លេខ C5 ជាន់ទី3 ដែលស្ត្រីរងគ្រោះជាអ្នកជួលស្នាក់នៅលួចយកសម្ភារជាច្រើនរួមមាន ៖ កុំព្យួទ័រយួរដៃចំនួន2គ្រឿង ;ម៉ាក Dell និង១គ្រឿងទៀត ; ម៉ាក Apple ; ទូរស័ព្ទដៃ1គ្រឿង ម៉ាកiPhone 6 ; ថេបប្លេត1គ្រឿងម៉ាក lenovo និងកងដៃផ្លាកទីន9កង បានសម្រេច និងគេចខ្លួនបាត់ស្រមោល ហើយជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ឱ្យជួយស្រាវជ្រាវរកជនសង្ស័យ និងឆែកកាមេរ៉ាសុវត្ថិភាពមើលភិនភាគជនសង្ស័យ ដើម្បីកំណត់មុខសញ្ញា ។
ប្រភពដដែលបន្តថា លុះដល់ដល់ថ្ងៃកើតហេតុថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ស្រាប់តែលេចមុខជនសង្ស័យមកម្តងទៀត ដោយធ្វើសកម្មភាពឆ្កឹះសោរបន្ទប់គេនៅជាន់ទី2 និងជាន់ទី3 ស្រាប់តែម្ចាស់ផ្ទះគេដឹងទាន់ក៏ស្រែកឆោឡោផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបានភ្លាមៗនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់លួចយកសម្ភារគេពិតមែន ហើយសម្ភារទាំងនោះត្រូវបានរូបគេយកទៅលក់បានលុយ យកទៅទិញគ្រឿងញៀនជក់ និងលេងល្បែងបាញ់ត្រីចាញ់អស់លុយទៅហើយ ។ លុះដល់ថ្ងៃកើតហេតុនេះ រូបខ្លួនគ្មានប្រាក់ក៏ទៅធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលគេម្តងទៀតនៅចំណុចបន្ទប់ជួលដដែល មិនទាន់បានសម្រេចផង ក៏ត្រូវម្ចាស់ផ្ទះចាប់ក្របួចជាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ស រស្មី