ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ក្រោយពីធ្វើសកម្មភាពលួចលុយរបស់ជនរងគ្រោះគេចខ្លួនបានពីរថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីស្រាវជ្រាវ និងឃាត់ខ្លួនបានក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកលុយក្នុងហាងលក់គ្រឿងសង្ហារឹម ថានី ដារី ហើយគេចខ្លួនបាន២ថ្ងៃ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងហាងលក់គ្រឿងសង្ហារឹមយីហោថានីដារី ផ្ទះលេខ១ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះមាន ឈ្មោះ សុខ ទិត្យសីហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ខៃ នីដា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងលក់គ្រឿងសង្ហារឹម ថានីដានី ស្នាក់នៅផ្ទះលេខ១ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ ៖ លុយដុល្លារចំនួន៣.៥១៥ដុល្លារ ។

សម្ភារបន្សល់ទុក ៖ ម៉ូតូកង់បី ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1HQ-2847 របស់ជនសង្ស័យ ។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល២២ និង០០នាទី មានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូកង់បី ០១គ្រឿង មកឈប់នៅចំណុចកើតហេតុខាងលើ រួចជនមិនស្គាល់ឈ្មោះ ដែលជាបក្ខពួកជនសង្ស័យឈ្មោះ សុខ ទិត្យសីហា បានដើរចូលទៅក្នុងហាងខាងលើ បន្លំរកមើលទិញសម្ភារ ដោយមានសភាពស្ងាត់ជនសង្ស័យ បានលួចយកលុយ ចំនួន៣៥១៥ដុល្លា ដែលជនរងគ្រោះដាក់នៅលើតុ ឡើងជិះម៉ូតូកង់ដែលមានឈ្មោះ សុខ ទិត្យសីហា អ្នកនៅចាំខាងក្រៅ គេចខ្លួន រហូតដល់ថ្ងៃទី០៥ ខែសីហា​ ឆ្នាំ២០១៩ ពេលព្រឹកជនរងគ្រោះដឹងថាបាត់លុយ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។ លុះដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ទិត្យសីហា បាននៅចំណុចតាមផ្លូវ៣៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះគេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖