ភ្នំពេញ៖ បុរសម្នាក់សង្ស័យបើករថយន្តកាមរីហាយប្រីតក្នុងល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យហោះឡើង កល់ជាប់ទៅមុខលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្តុបគីរីរម្យ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីហាយប្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U 2929 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកហោះឡើងរបាំងថ្មពុះចែកទ្រូងផ្លូវកលជាប់ទៅមុខលែងរួច តែមិនមានមនុស្សរងរបួស ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបាននគរបាលជំនាញស្តូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ