ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹង​បើករថយន្តហោះឡើងទ្រូងផ្លូវកលជាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យបើករថយន្តកាមរីហាយប្រីតក្នុងល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យហោះឡើង កល់ជាប់ទៅមុខលែងរួច ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០១៩​ នៅចំណុចស្តុបគីរីរម្យ​ តាមបណ្តោយផ្លូវព្រះសីហនុ​ កែងផ្លូវលេខ១៤៣​ ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីហាយប្រីត​ ពណ៌ស្ករ​ ពាក់ស្លាកលេខ ភ្នំពេញ 2U 2929​ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ​ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកហោះឡើងរបាំងថ្មពុះចែកទ្រូងផ្លូវកលជាប់ទៅមុខលែងរួច តែមិនមានមនុស្សរងរបួស ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបាននគរបាលជំនាញស្តូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖