ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធម័ចោលប្រពន្ធ និងកូនតូចពីរនាក់ឲ្យនៅកំព្រា ខណៈជិះម៉ូតូទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ត្រូវបានរថយន្តបុកកិនអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតចំណុចមុខ បញ្ជាការដ្ឋាន កងទ័ពជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ(ស្លាប់) មានឈ្មោះយឿង ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មានប្រពន្ធ និងកូនពីរនាក់ មុខរបរកសិករ ស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធច្រកចូលវត្តស្វាយផ្អែម ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល ស្រុកកំណើត ភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៧ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GF-1468 ទៅយកប្រពន្ធចេញពីធ្វើការោងចក្រមួយកន្លែងនៅក្បែរកន្លែងកើតហេតុខាងលើដោយបានធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកចំណុចកើតហេតុខាងលើក៍មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោងដឹកសុីម៉ង់ត៍មួយគ្រឿងក្បាល ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 3C-9051 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតក្នុងល្បឿនលឿនបានរេចង្កូតមកខាងឆ្វេង ចូលមកចំណីផ្លូវខាងម៉ូតូបុកកិនអូសប្រម៉ាណជិត៤០ម៉ែត្របណ្តាលឲ្យម៉ូតូ និងជនរងគ្រោះជាប់ក្រោមកង់រថយន្តខាងមុខខាងឆ្វេងស្លាប់យ៉ាងអាណោចអាធម័តែម្តង ។ ចំណែកតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបានចុះចេញពីររថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ