ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ បានជិះម៉ូតូមកលេងបុកប៊ីយែនៅចំណុចផ្ទះរបស់ពលរដ្ឋមួយកន្លែង ខណៈដែលសមត្ថកិច្ចចុះទៅបង្រ្កាបឃាតខ្លួន ជនសង្ស័យរូបនេះដឹងខ្លួនទាន់ បានរត់គេចខ្លួនបាត់ស្រមោល ដោយទុកម៉ូតូនៅកន្លែងកើតហេតុ សមត្ថកិច្ចឆែកឆេរបានឃើញថ្នាំញៀនចំនួន៣កញ្ចប់ក្នុងម៉ូតូជនសង្ស័យ ។ ករណីនេះ ធ្វើឡើងនៅវេលាម៉ោង១២និង៣៩នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវត្តចាស់ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន វណ្ណរី ហៅវ៉ា ភេទប្រុស អាយុប្រហែល២៧ឆ្នាំ មានទីលំនៅភូមិវត្ដចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ដកណ្ដាល (រត់គេចខ្លួន)។ ដោយវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣កញ្ចប់ (ធំ២កញ្ចប់-មធ្យម១កញ្ចប់) ,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ និងម៉ូតូចំនួន២ គ្រឿង ម៉ាកយ៉ាម៉ាហា អ៊ឹមស្លាស ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1R-6315 និងម៉ាកឌូក ពណ៌ខ្មៅស ពាក់ស្លាកលេខ ភ្នំពេញ 1HF-0420 រីឯអាវុធខ្លី១ដើម ត្រូវបានកម្លាំងកងរាជអាវុធហត្ថដកហូត ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំព្រែកដំបង ។ នៅមុនពេលកើតហេតុ កម្លាំងនគរបាលជំនាញស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកដំបង ដោយអនុវត្ដតាមដីការបស់សាលាដំបូងខេត្ដកណ្ដាល បានចុះបង្រ្កាប ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចផ្ទះរបស់ឈ្មោះ ឈុំ ស្រីពៅ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ដែលជនសង្ស័យកំពុងបុកប៊ីយែ ដោយដឹងខ្លួនទាន់ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយទុកម៉ូតូរបស់ខ្លួនចោលនៅកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការឆែកឆេរម៉ូតូរបស់ជនសង្ស័យបានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់ ដោយឡែកអាវុធខ្លីរបស់ជនសង្ស័យ ត្រូវកម្លាំងអាវុធហត្ថធ្វើការដកហូត ។ ក្នុងពេលជាមួយគ្នានោះដែរ ដោយមានការឯកភាពពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ដកណ្ដាល នៅវេលាម៉ោង១៧ សមត្ថកិច្ចនគរបាលស្រុកមុខកំពូល ដឹកនាំដោយលោកវរសេនីយ៍ទោ ឯក លន់ អធិការស្រុក បន្តទៅធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ស៊ឹម ស៊ីណាត ភេទស្រី អាយុ៦២ឆ្នាំ កសិករ ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ បានដកហូតម៉ូតូចំនួន១គ្រឿង ម៉ាកឌូក ពណ៌ខ្មៅស ពាក់ស្លាកលេខ ភ្នំពេញ 1HF-0420 ,សម្ភារះវេចខ្ចប់គ្រឿងញៀនមួយចំនួន និងស្នាប់ដៃចំនួន១ផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការប្រមូលវត្ថុតាងរួចរាល់ហើយ សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ រីឯជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ច កំពុងកសាងឯកសារ ស្រាវជ្រាវចាប់ខ្លួន ចាត់ការតាមនីតិវិធីបន្ដទៀត ៕ ស្អាងជ័យ