មេឃហាក់ដូចជាមិនប្រណីចំពោះប្រជាពលរដ្ឋនៅក្រុងព្រះសីហនុទាល់តែសោះ នៅគ្រាដែលពួកគាត់កំពុងតែនិន្ទ្រាលង់លក់ស្រាប់តែបង្អោរភ្លៀងចុះ ទឹកភ្លៀងជន់លិចកន្លែងទទួលទានដំណេក ដែលត្រូវបង្ខំចិត្តឱបខ្នើយ ឱបភួយ រកទីសុវត្ថិភាព ដែលមិនមែនសម្រាប់ដេកបន្តនោះទេ គឺគ្រាន់តែដើម្បីឈរតែប៉ុណ្ណោះ ។ មិនមែនតែលំនៅឋានរបស់ពលរដ្ឋខ្មែរនោះទេ ដែលត្រូវជន់លិចលង់ទាំងយប់ សូម្បីតែហាងអាហារ, ហាងលក់ទំនិញ, កន្លែងលេងល្បែងស៊ីសង, លំនៅឋានរបស់ពួក កឺកឺ (ចិន) ក៏ត្រូវលង់លិចទាំងកណ្តាលយប់នោះដែរ ។ វាជាសោកនាដកម្មមួយថ្មីទៀតសម្រាប់ប្រជាពលរដ្ឋ ។
នៅព្រឹកថ្ងៃទី៩ ខែសីហា មេឃនៅតែបន្តភ្លៀងជាមួយនឹងថ្នាក់ដឹកនាំក្រុង-ខេត្តព្រះសីហនុ នាំគ្នាដើរអើតឈ្ងោក រកយុទ្ធវិធីរំដោះទឹក ចេញពីទីក្រុងឲ្យបានទាន់ពេលវេលា ។ ប៉ុន្តែទំនងជាមិនអាចមានលទ្ធភាពដោះស្រាយភ្លាមៗទាន់នោះឡើយ ដែលប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានកង្វល់ខ្លាំងឡើងថែមទៀត ពីព្រោះមើលទៅស្ថានភាពមេឃហាក់ដូចជាមិនព្រមផ្តល់ក្តីមេត្តាដល់ប្រជាពលរដ្ឋនៅទីនេះឡើយ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ នៅក្រុងព្រះសីហនុ ពិតជារងទុក្ខលំបាកយ៉ាងខ្លាំងនៅពេលដែលជួបព្រឹត្តិការណ៍ដូចកាលពីយប់ថ្ងៃទី៨ ឆ្លងចូលទី៩ ខែសីហា ។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការផ្សព្វផ្សាយទាំងយប់អំពីទិដ្ឋភាពនៃទឹកជំនន់ ។ អ្នកខ្លះកំពុងធ្វើការត្រូវទឹកហូរបុកចូលក្នុងកន្លែងធ្វើការ, អ្នកខ្លះកំពុងដេក ត្រូវទឹកជន់ដល់កន្លែងដេក… បន្ទាប់មក ពួកគេបានផ្សព្វផ្សាយវីដេអូផ្ទាល់អំពីទិដ្ឋភាពនៃការជន់លិចនេះ ។ រូបភាពទាំងនេះ មិនមែនត្រឹមតែប្រជាពលរដ្ឋក្នុងប្រទេសបានឃើញនោះទេ ផ្ទុយទៅវិញ គឺមនុស្សជាតិទាំងមូលនៅលើពិភពលោកបានឃើញ និងបានដឹងអំពីទិដ្ឋភាពនៃការលិចលង់នេះ ។ តាំងពីដើមរៀងមក គេមិនដែលជួបប្រទះទិដ្ឋភាពបែបនេះនៅឡើយនៅឯក្រុងព្រះសីហនុ ។
ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ក៏ដូចជាខ្ញុំបាទយល់ថា វិធីដែលល្អ ដែលអាជ្ញាធរត្រូវធ្វើ គឹត្រូវរកភ្លេងខ្មែរប្រគំសុំមេឃកុំឲ្យភ្លៀងបន្តទៀតតែប៉ុណ្ណោះ ។ បើមេឃនៅតែភ្លៀងធ្លាក់នោះ ជំនន់លិចលង់ក៏នៅតែបន្តកើតមានដោយខានមិនបានឡើយ ។ លេងភ្លេងថ្វាយមេឃ គឺជាដំណោះស្រាយមួយនៅពេលដែលអាជ្ញាធរមិនអាចរកច្រកបង្ហូរទឹកចេញឲ្យបានទាន់ពេលវេលា ។ បើលេងភ្លេងខ្មែរមួយបទ មេឃមិនព្រមរាំង គឺត្រូវលេង៧បទ… ។ បន្ទាប់មកទៀត មានវិធីបែបអបិយជំនឿផ្សេងៗ ដូចជាត្រូវសែនជ្រូកខ្វៃដល់អ្នកតាល្បីៗ នៅក្រុងព្រះសីហនុ ដើម្បីជួយប្រាប់មេឃកុំឲ្យបង្អោរភ្លៀងតទៅទៀត ។
ជាមួយនឹងក្តីទុក្ខសោកនេះ អាជ្ញាធរអគ្គិសនីកម្ពុជាប្រចាំក្រុងព្រះសីហនុក៏បានប្រកាសបិទភ្លើងបន្ទាន់ផងដែរ ។ ការប្រកាសបិទភ្លើងនេះ គឺប្រការក្រែងមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋ ។ ដូច្នេះ វាជាវេលាទុក្ខផ្ទួនលើទុក្ខសម្រាប់ប្រជាពលរដ្ឋមួយចំនួននៅក្រុងព្រះសីហនុ ដែលមានលំនៅឋានត្រូវលិចលង់ ។ វាមិនលិចលង់ទាំងអស់ទេ ប៉ុន្តែមួយចំនួនធំនៃលំនៅឋានក្នុងទីក្រុងនេះត្រូវលិចលង់ ។
ជាមួយនឹងភាពទុក្ខសោក ក៏មានភាពសប្បាយរីករាយផងដែរ ដែលបានបង្ហាញតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ។ អ្នកថតបង្ហោះតាមហ្វេសប៊ុក បង្ហាញអំពីភាពរីករាយ ពីព្រោះថាតាំងពីដើមរៀងមក មិនដែលមានទឹកសាបលេងសប្បាយយ៉ាងដូច្នេះទេ ។ អ្នកខ្លះ ស្រែកប្រាប់ឪពុកកុំឲ្យដើរព្រោះខ្លាចធ្លាក់លូ ។ រថយន្តក្រុងធុនធំ ត្រូវលិចពាក់កណ្តាល, រថយន្តតូចៗឃើញតែដំបូល, ម៉ូតូដែលចតនៅក្នុងផ្ទះ ឃើញតែក្បាល, គ្រែពូកជាកន្លែងសម្រាប់ទទួលទានដំណេកមួយចំនួនអណ្តែតពូកចេញបាត់ទៅហើយ… ទិដ្ឋភាពប្លែកៗជាច្រើនបានបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលខ្លះបង្កើតឲ្យមានភាពប្លែកភ្នែក បើទោះបីជាទុក្ខសោកបន្តិចក៏ដោយ ។ យោបល់នានាត្រូវបានបញ្ចេញនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដូចជាខ្លះថា ជួលភ្លេងលេងថ្វាយមេឃ, និងខ្លះថា សុំឲ្យឧបទ្រុបចង្រៃអណ្តែតអូរតាមទឹក…ទៅឲ្យអស់ទៅ ។
តាមការកត់សម្គាល់របស់ខ្ញុំបាទ ក្រុងព្រះសីហនុមិនមែនទើបតែជួបភ្លៀងធំដូចកាលពីយប់ថ្ងៃទី៨ ខែសីហា កន្លងមកនេះទេ ។ រាល់ឆ្នាំ ក៏មានភ្លៀងធំជាប់ៗគ្នាដូច្នេះដែរ ប៉ុន្តែមិនមានការលិចលង់ ទ្រង់ទ្រាយធំបែបនេះទេ ។ អ្វីដែលជាទិដ្ឋភាពដូចបានឃើញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ គឺមានតែទ្រាំតាមដំណើរ ពីព្រោះថា អាជ្ញាធរក្រុង-ខេត្ត ទាល់ច្រកនឹងការស្វែងរកដំណោះស្រាយនោះហើយ ។ លទ្ធភាពទាំងប៉ុន្មានដែលអាជ្ញាធរមាន បានដោះស្រាយជាបន្តបន្ទាប់រួចហើយ ប៉ុន្តែនៅតែមិនអាចគ្រប់គ្រងស្ថានការបាន ។ ដូច្នេះ មានតែអង្វរករសុំចិត្តប្រជាពលរដ្ឋមេត្តាយោគយល់ដោយក្តីអាណិតអាសូរចំពោះថ្នាក់ដឹកនាំជាបណ្តោះអាសន្នសិនចុះ ៕ ប្រជាពលរដ្ឋម្នាក់