ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿង បើកបត់ឆ្វេងឆ្លងផ្លូវពុំមើលមុខក្រោយ ធ្វើឲ្យម៉ូតូមួយគ្រឿងទៀតបើកមកពីក្រោយដោយល្បឿនលឿន ក៏ឈប់មិនទាន់ បុកពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចខាងជើងស្ពានព្រែករស់ (ទី៧១ ) ស្ថិតនៅក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ វ៉ាត វី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងសំណង់ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1T 4242 មានអ្នករួមដំណើរម្នាក់ឈ្មោះ ធឿន ស្រីអូន ភេទស្រី អាយុ២០ឆ្នាំ (របួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់ ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT -3522 បើកបរដោយឈ្មោះ ចេង ស៊ីវម៉ី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1HT- 3522 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ដោយពុំមើលមុខក្រោយនោះទេ ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ឆ្នាំ២០១៦ ពាក់ស្លាកលេខ កណ្តាល 1T 4242 បើកក្នុងទិសដៅស្របគ្នា ដោយល្បឿនលឿនដោយជិះគ្នា២នាក់ប្ដីប្រពន្ធ ក៏ឈប់មិនទាន់ បានបុកម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1HT- 3522ដែលបត់ឆ្លងផ្លូវនោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះ២នាក់ប្ដីប្រពន្ធដួលបោកទៅនឹងផ្លូវ ទទួលរបួសធ្ងន់ រីឯអ្នកបើកបរម៉ូតូពាក់ស្លាកលេខ ភ្នំពេញ 1HT- 3522ជាអ្នកបត់ឆ្វេងនោះ ទទួលរងបួសស្រាល។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ត្រូវបានបងប្អូនសាច់ញាតិ ហៅរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកោះធំ ចុះធ្វើការពិនិត្យ វាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ 1HT 3522 បើកបរបត់ឆេ្វង មិនមើលមុខ មើលក្រោយ មិនផ្តល់សញ្ញា ឲ្យអ្នកបើកបរ ពីក្រោយបានដឹង ។ ចំណែកអ្នកបើកបរម៉ូតូ ពាក់ស្លាកលេខ កណ្ដាល 1T 4242 បើកបរមានល្បឿនលឿន គេចមិនផុត ក៏ទៅបុកចំកន្ទុយម៉ូតូ បណ្តាលឲ្យដួលទាំងអស់គ្នាតែម្តង ៕