ព័ត៌មានទាន់ហេតុការណ៍៖

សត្វទន្សោង១ក្បាល ទម្ងន់ប្រមាណ៥០០គីឡូក្រាម បានជាប់អន្ទាក់ព្រានងាប់នៅក្នុងព្រៃសហគមន៍ សង្ឃរុក្ខាវន្ដ័

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ សត្វទន្សោង គោព្រៃជាសត្វកម្រ ដែលរស់នៅក្នុងព្រៃសហគមន៍ សង្ឃរុក្ខាវន្ដ័ មួយក្បាល ទម្ងន់ប្រមាណ៥០០គីឡូក្រាម បានជាប់អន្ទាក់ជើង របស់ព្រានព្រៃ ងាប់បាត់ ត្រូវបានក្រុមអភិរក្សធនធានធម្មជាតិខេត្តឧត្ដរមានជ័យ ប្រទះឃើញនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងដែនជម្រកសត្វព្រៃសង្សរុក្ខវ័ន្ត ភូមិឈូកមាស សង្កាត់កូនក្រៀរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ព្រះតេជគុណ ប៊ុត សាលួត ប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត ប្រចាំការនៅតំបន់ការពារធនធានធម្មជាតិ បានមានសង្ឃដិកាថា សត្វទន្សោងងាប់ចំនួន១ក្បាល វាងាប់ក្នុងរយៈពេល១ ឬ២ថ្ងៃមុន ។ ព្រះតេជគុណ បានបន្តថា ការងាប់នៃសត្វទន្សោង១ក្បាលនេះ មិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយនោះទេ ។ ក៏ប៉ុន្តែមើលទៅសត្វទន្សោងនេះ វាហាក់បីដូចជាមានវ័យចំណាស់ទៅហើយ រីឯនៅលើជើងឆ្វេងរបស់វាវិញ មានស្លាកស្នាមជាប់អន្ទាក់ព្រានព្រៃ ក៏អាចថាបាន ។

ព្រះតេជគុណ ប៊ុត សាលួត ព្រះប្រធានសហគមន៍ព្រៃសង្សរុក្ខវ័ន្ត រួមទាំងមន្ត្រីបរិស្ថានបានរៀបចំធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសដល់សត្វទន្សោង១ក្បាលដែលបានងាប់ តាមប្រពៃណីព្រះពុទ្ធសាសនា ហើយបានសំដែងការសោក ស្ដាយចំពោះការបាត់បង់ធនធានជីវៈចម្រុះដ៏កម្រនៅពិភពលោក ៕ ប៉ែន នួន


ចែករំលែក៖