ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យគ្មានជំនាញច្បាស់លាស់ម្នាក់ ត្រូវជាប់ខ្នោះ រឿងព្យាបាលគេស្លាប់ម្នាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ លោកគ្រូពេទ្យ ស្ទើភ្លើងម្នាក់ត្រូវបានសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានឃាត់ខ្លួននៅពេលទទួលព្យាបាល ស្រ្ដីម្នាក់បណ្ដាលឲ្យស្លាប់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ។ ជនរងគ្រោះឈ្មោះ ឈូក ម៉ៅ ភេទស្រីអាយុ២៤ឆ្នាំ រស់នៅភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀរ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

ជនសង្ស័យឈ្មោះ សឿង ប៊ុនរិទ្ធ អាយុ៦១ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល ឪពុកម្តាយជន រងគ្រោះបានហៅជនសង្សយ័ដែលប្រកបរបរពេទ្យចាក់ថ្នាំតាមភូមិ ឲ្យមកមើលជំងឺកូនរបស់ខ្លួន មានជំងឺ ដែលអ្នកភូមិហៅថា ជំងឺទាស់សសៃ ។ ជនសង្សយ័បានដាក់សេរ៉ូមឲ្យជនរងគ្រោះ លុះម៉ោងប្រហែល៤រសៀលថ្ងៃដដែល ក៏អស់សេរ៉ូម បន្ទាប់មក នៅម៉ោង៦ព្រលប់ថ្ងៃដដែល ជនសង្សយ័បានឲ្យអ្នកជំងឺលេបថ្នាំចំនួន៣មុខផ្សេងគ្នា លុះមកដល់ម៉ោង៧និង៤៥នាទីថ្ងៃដដែលនោះ អ្នកជំងឺបានប្រកាច់ស្លាប់តែម្តង ។

បន្ទាប់ពីទទួលព័ត៌មាននេះ មន្ទីរសុខាភិបាលបានបញ្ជូនគ្រូពេទ្យ រួមសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល ចុះដល់កន្លែងកើតហេតុពិនិត្យបច្ចេកទេសក្នុងការព្យាបាល រកឃើញថាជនសង្សយ័ប្រកបរបរដើរចាក់ថ្នាំក្នុងភូមិ ពុំមានសញ្ញាបត្រ័បញ្ជាក់ថា មានវិជ្ជាជីវ:ជាពេទ្យនោះទេ និងពុំមានអាជ្ញាប័ណ្ណពីក្រសួង ឬពីមន្ទីរសុខាភិបាលនោះដែរ ។

អ្នកជំងឺស្លាប់បណ្តាលមកពីការប្រើប្រាស់ថ្នាំ Glugose និង Vitamin Becom-plex ដែលមានសារធាតុ B1 លើសចំណុះបណ្តាលឲ្យប្រតិកម្ម និងធ្វើឲ្យជាតិស្ករឡើងខ្លាំង ។

ដោយមានការសម្របសម្រួលក្នុងកិច្ចប្រតិបត្តិការពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័នៅម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ ។

បច្ចុប្បន្នកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ប៉ែន នួន


ចែករំលែក៖