ខេត្តកណ្ដាល៖ រថយន្ដ ISUZUមួយគ្រឿង បើកដោយល្បឿនលឿន មិនប្រកាន់ស្ដាំ បានជ្រុលទៅបុករថយន្ដមួយគ្រឿងម៉ាក HIGHLANDER បើកច្រាស់ទិសគ្នាពេញមួយទំហឹង និងបន្ដទៅបុករថយន្ដមួយគ្រឿងទៀតម៉ាក TOYOTA PRIUS និងម៉ូតូសណ្ដោងរ៉ឺម៉កបន្ថែមទៀត បណ្ដាលឲ្យបុរសជាជនជាតិវៀតណាមម្នាក់ ទទួលរងរបួសធ្ងន់ រីឯរថយន្ដ៣គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉ករងការខូចខាតធ្ងន់ ។ ករណីនេះ កើតឡើង នៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចខាងមុខវិទ្យាល័យហ៊ុនសែនតាខ្មៅ ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្ដបង្ករម៉ាកISUZU ពណ៌ខៀវ ពាក់ស្លាកលេខ កណ្ដាល2A-1761 បើកបរជនមិនទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ។ ចំណែកឯរថយន្ដ២គ្រឿងទៀត ទី១-រថយន្តម៉ាកHIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AI-7540 បើកដោយឈ្មោះ ឡុង គីមឆាយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ និងទី២- រថយន្ដម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AV-7103 បើកដោយឈ្មោះ ម៉ី ណារ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់ផ្សារដេប៉ូ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ ។ ស្របពេលជាមួយគ្នានោះដែរ រថយន្ដបង្ករ ក៏បន្ដទៅប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើករដោយឈ្មោះ យ៉ យាំងយូ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម (រងរបួសស្រាល) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ កឺ ភេទប្រុស ជនជាតិវៀតណាម អាយុ៣៥ឆ្នាំ (រងរបួសធ្ងន់ ) ជនរងគ្រោះទាំង២នាក់នេះ បច្ចុប្បន្នស្នាក់នៅភូមិគោកសណ្ដែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្ករម៉ាក ISUZU ធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្ដបង្ករនេះ បានរេកចង្កូតមកឆ្វេង ចូលគន្លងផ្លូវម្ខាងទៀត បានទៅបុករថយន្ដ ម៉ាកHIGHLANDER ពេញមួយទំហឹងដែលបើកបរក្នុងទិសដៅច្រាស់គ្នា រួចរថយន្តបង្ករម៉ាកISUZU បានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកTOYOTA PRIUS ដែលកំពុងធ្វើដំណើរពីត្បូងទៅជើងបន្ថែមទៀត ក្នុងពេលជាមួយគ្នានោះដែរ រថយន្ដបង្ករ បានខ្ទាតទៅប៉ះនិងម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀត បណ្ដាលឲ្យជនរងគ្រោះជាអ្នករួមដំណើរលើរ៉ឺម៉កទទួលរងរបួសធ្ងន់ រីឯអ្នកបើកបរម៉ូតូរ៉ឺម៉ករងរបួសស្រាល ។ ចំណែកឯរថយន្ដទាំង៣គ្រឿងទទួលរងការខូចខាតធ្ងន់ រីឯអ្នកបើកបររថយន្ដបង្ករ បានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅ បានចុះមកធ្វើការអន្ដរាគមន៍ យករថយន្ដសាមុយរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកជនរងគ្រោះរងរបួសធ្ងន់ទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច ធ្វើការត្រួតពិនិត្យ និងវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការឲ្យដឹងរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើករថយន្តម៉ាក ISUZU បើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្ដាំ ចូលចំណែកផ្លូវខាងរថយន្តម្ខាងទៀតដែលបើកច្រាស់ទិសគ្នា ទើបបានជាមានរឿងហេតុបែបនេះកើតឡើង ៕ ស្អាងជ័យ