ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ព្រោះតែមានសារធាតុញៀនក្នុងខ្លួន បែកគំនិតសុំលុយម្ដាយខ្លួនចំនួន៣០០ដុល្លារទៅទិញម៉ូតូ ម្ដាយមិនឲ្យ ចិត្ដខ្លាំងវាយម្ដាយនិងប្រពន្ធខ្លួន បណ្ដាលឲ្យរងរបួសស្រាល ហើយយកដាវ និងដែកថ្នាំងអំពៅ ទៅកាប់វាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ រងការខូចខាតអស់មួយចំនួន ធ្វើឲ្យម្ដាយទ្រាំពុំបាន ក៏ប្ដឹងសមត្ថកិច្ចក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ។ករណីនេះ កើតឡើងនៅវេលាម៉ោង៧និង០៥នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លុយ ដារី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រីឯស្រ្ដីរងគ្រោះឈ្មោះ លុយ ផល្លី ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំណែកសម្ភារះខូចខាតមាន៖ ធុងទឹកកកចំនួន២,កូនកង់ចំនួន១ ,ទូរទស្សន៍ចំនួន១ ,អំភ្លីចំនួន១ ,ទូរឈើចំនួន១ ,កញ្ចក់បង្អួច១ផ្ទាំង ,ចានឆ្នាំងមួយចំនួន រីវត្ថុតាងដកហូតបានមាន៖ ដាវដងដែកចំនួនមួយ ប្រវែង៧៥សង់ទីម៉ែត្រ ,ដែកថ្នាំងអំពៅចំនួនមួយប្រវែង៧០សង់ទីម៉ែត្រ និងកូនកន្រ្តៃដែកចំនួន១ផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅមុនពេលកើតហេតុ ជនសង្ស័យមានសភាពបែកថ្នាំ បានបែកគំនិតសុំលុយស្រ្ដីរងគ្រោះជាម្ដាយចំនួន៣០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញម៉ូតូ តែម្ដាយគ្មានលុយឲ្យ ជនសង្ស័យ ក៏ខឹង បានយកដាវ និងដែកមកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្ដាលឲ្យខូចខាតអស់មួយចំនួន ឃើញដូច្នោះ ប្រពន្ធ និងម្តាយ ក៏ចូលទៅឃាត់ ហើយក៏ត្រូវជនសង្ស័យវាយ បណ្តាលឲ្យមានរបួសស្រាល ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ក៏ប្តឹងសមត្ថកិច្ចក្រុងតាខ្មៅ ឲ្យឃាត់ខ្លួន ចាត់ការតាមច្បាប់ ។
បន្ទាប់ពីនគរបាលក្រុងតាខ្មៅ ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏មកធ្វើការឃាត់ខ្លួនជនសង្ស័យ យកទៅអធិការដ្ឋាននគរបាលក្រុង រួចកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ