ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងចំណោម​ជនត្រូវចោទឈ្មោះវុទ្ធី សំអូន ហៅ ប៊ូម និង​ ឈ្មោះ ឃាត វិចិត្រ​ នៅពេលនេះនគរបាលចាប់ខ្លួនបានម្នាក់ហើយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ បន្ទាប់​ពី​នគរបាលខេត្តត្បូងឃ្មុំ ប្រកាសជូនរង្វាន់ចំនួន៥០០ដុល្លារ​ អំពីអត្តសញ្ញាណលាក់ខ្លួនជនត្រូវចោទឈ្មោះវុទ្ធី សំអូន ហៅ ប៊ូម និង​ ឈ្មោះ ឃាត វិចិត្រ​ កាលពី​ប៉ុន្មានថ្ងៃ​ថ្មីៗនេះ​ នៅពេលនេះកម្លាំងជំនាញចុះអនុវត្តដីកាចាប់ខ្លួនបានម្នាក់ហើយ​ ។

ជនដែល​ត្រូវ​ចាប់ខ្លួនបានតាមដីកាឈ្មោះ​ឃាត វិចិត្រ ភេទ ប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ពីបទៈ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

នគរបាល​ជំនាញខេត្ត​ត្បូងឃ្មុំ​អោយដឹងថា​ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមានការយកចិត្តទុកដាក់ខ្ពស់របស់លោកឧត្តមសេនីយ៍ ប្រាក់ ប៊ុនណុន ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ទើបកម្លាំងមានលទ្ធភាពស្រាវជ្រាវស្វែងរក​ ទីកន្លែង​លាក់ខ្លួន​រហូតចាប់ខ្លួនបានតែម្តង​ ។

មន្ត្រី​នគរបាល​អោយដឹងថា​ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៤ ដោយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ឹម ម៉េង នាយការិយាល័យ បានចុះអនុវត្តដីការលេខ ៤៣៦ ដ.ន.ច ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឃាត វិចិត្រ ភេទ ប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ពីបទៈ លួចមាន​ ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

ដោយឡែក​ចំពោះ​ជនត្រូវចោទឈ្មោះ វុទ្ធី សំអូន ហៅ ប៊ូម ភេទ ប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កម្លាំង​សមត្ថកិច្ច​បន្តស្រាវ​ជ្រាវ​តាមចាប់ខ្លួនមកផ្តន្ទាទោស​តាមច្បាប់​ ។

បច្ចុប្បន្នមុខសញ្ញាខាងលើ ជំនាញកំពុងបំពេញនីតិវិធី ដើម្បីប្រគល់ជូនកម្លាំងជំនាញរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីបន្ត​ ៕​៖​ វណ្ណៈ


ចែករំលែក៖