ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀតរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរ សមត្ថកិច្ច និងស្វែងយល់ពីតម្រូវការ ពីទុក្ខកង្វល់ រួមទាំងទទួលយក សំណូមពររបស់ប្រជាពលរដ្ឋដើម្បីដោះស្រាយទៅតាមលទ្ធភាព នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតី ក្នុងវេទិកា សាធារណៈ ជាមួយប្រជាពលរដ្ឋ នៅភូមិព្រែថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ក្នុងវេទិកានេះលោកអភិបាលខណ្ឌ បានស្តាប់និងស្រាយបំភ្លឺ ដោះស្រាយ ពីសំណើ​រ សំនួរ សំណូមពរ កង្វល់នានា របស់បងប្អូនប្រជាពលរដ្ឋ​ ហើយក៏បានផ្សព្វផ្សាយពីការបំរើសេវាតាមយន្តការការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌ សេវាវិស័យពន្ធដារ(ពន្ធអចលនទ្រព្យ) និងការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ក្នុងឱកាសនោះផងដែរ ។

បន្ថែមលើនេះទៀត ដើម្បីអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព លោកអភិបាលខណ្ឌបាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ និង នគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ នៅពេលមានហេតុការបទល្មើសកើតឡើងចំពោះគ្រួសារយើង និង អ្នកជិតខាងយើង ដើម្បីសមត្ថកិច្ចបង្ក្រាបឲ្យបានទាន់ពេល។

ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានា ជាប្រចាំ ក៍ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពី សំណាក់ជនអាក្រក់មួយចំនួន ៕ សណ្តោស


ចែករំលែក៖