ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសមត្ថកិច្ចខេត្តកំពង់ចាម អនុវត្ត៧ចំណុច បង្ក្រាបបទល្មើសនេសាទ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បច្ចុប្បន្នជនខិលខូច នៅតែចិញ្ចឹមចិត្តបន្តលបលួចដាក់ឧបករណ៍ល្មើសនេសាទដើម្បីចាប់ត្រី ខណៈដែលរដូវបិទនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប គឺចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ដែលពួកគេកំពុងប្រព្រឹត្តផ្ទុយទាំង៧ចំណុចរួមមាន ៖ ទី១.សុំកុំប្រើឧបករណ៍ខុសច្បាប់ ជាពិសេសការប្រើឧបករណ៍ឆក់ត្រី , ទី២.កុំចាប់ត្រីក្នុងរដូវហាមឃាត់គឺក្នុងរដូវត្រីពង , ទី៣.សូមកុំកាប់ព្រៃលិចទឹក ដែលជាជំរកត្រីពងកូន , ទី៤.ជួយផ្តល់ព័ត៌មានអំពីជនខិលខូច និងមន្ត្រីខិលខូចដែលចូលទៅនេសាទ ឬពាក់ព័ន្ធ ក្នុងតំបន់អភិរក្ស , ទី៥.កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅនេសាទដូចជាយកទៅដាំឈូក និងចាក់ដីលុបជាដើម , ទី៦ កុំឲ្យមានទំនាស់រវាងប្រជាពលរដ្ឋអ្នកនេសាទ និងអ្នកធ្វើស្រែប្រាំង ឬទំនាស់ដែនទឹកជាមួយប្រជាពលរដ្ឋដែលមកធ្វើនេសាទនៅតំបន់របស់ខ្លួន គឺត្រូវចែកគ្នារស់ទាំងអស់គ្នា និងទី៧.សូមចូលរួមឱ្យ សកម្មក្នុងទិវាមច្ឆជាតិ១កក្កដាជារៀងរាល់ឆ្នាំដែលជាទិវាជំរុញវារីវប្បកម្មឲ្យកាន់តែទូលំទូលាយ និងចូលរួមការពារ ត្រីនិងជីវចម្រុះដែលជិតផុតពូជ ។

ទាំង៧ចំណុចខាងលើទាមទារឲ្យមានការសហការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដើម្បីការពារ មច្ឆជាតិឲ្យនៅគង់វង្ស និងជីវចម្រុះដែលជិតផុតពូជ ពិសេសត្រីកំពុងពងកូន ។

ជាក់ស្តែងកាលពីម្សិលមិញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម បានចាត់ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំំនាញអធិការដ្ឋាននគរបាលស្រុកកងមាស និងជំនាញខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទសាទខុសច្បាប់ (រ៉ាវ) នៅតាមដងទន្លេមេង្គស្ថិតក្នុងឃុំខ្ចៅ ស្រុកកងមាស ជាលទ្ធផលបង្រ្កាបបានរ៉ាវចំនួន១៥មាត់ ,របាំងព្រួល ប្រវ៉ែង២២៥ម៉ែត្រ, បង្គោលឈើ១០៥ដើម និងចាក់ប្រលែងត្រីចូលក្នុងទន្លេវិញចំនួន១១គីឡូ ។ ចំពោះឧបករណ៍ពាក់ព័ន្ធបទល្មើសខាងលើត្រូវបានកាត់បំផ្លាញចោលនៅនឹងកន្លែងប្រព្រឹត្តបទល្មើល

កិច្ចសហប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ហើយបានបញ្ចប់នៅវេលាម៉ោង១៤និង៣០នាទី ៕ វណ្ណៈ


ចែករំលែក៖