ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ បានត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញហើយ នៅពេលជំនន់ទឹកទន្លេស្រែពក ស្រកចុះ ទៅវិញ

ចែករំលែក៖

ខេត្តរតនគិរី៖ លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់ឲ្យដឹងថា ទឹកនៅស្រុកកូនមំ និងស្រុកលំផាត់បានស្រកទៅវិញហើយឯប្រជាពលរដ្ឋ ក៏បានត្រឡប់ចូលផ្ទះសំបែង វិញខ្លះដែរ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ ។

ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺនៅតែយកចិត្តទុកដាក់ជាបន្តបន្ទាប់ទៀត នៅតែតាមដាន ស្ថានភាពទឹក នៅខេត្តរតនគិរីនេះដដែល ។

ប្រជាពលរដ្ឋ ចំនួន ប្រមាណ៧០០ គ្រួសារដែលរស់នៅ ឃុំសេរីមង្គល ស្រុកកូនមុំ ក៏បានត្រឡប់ចូលគេហដ្ឋាន រៀងខ្លួនវិញហើយដែរ នេះបើតាមការឲ្យដឹងពីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ​ ថាបើ ទោះបីទឹកស្រក ក៏ពិតមែន តែសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្តតាមដានខ្ពស់បំផុតនៅសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលត្រូវសម្ដេចតេជោបញ្ជាឲ្យចុះអន្តរាគមន៍ ជួយប្រជាពលរដ្ឋនៅកន្លែងប្រឈម ដោយទឹកជំនន់បាន ថ្លែងថា ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ទឹកបានស្រកជាង ២ម៉ែត្រកន្លះហើយ ។ ឯប្រជាពលរដ្ឋប្រមាណជាង ៧០០ គ្រួសារ ក៏បានវិលត្រឡប់ចូលផ្ទះសម្បែងវិញដែរ ដើម្បីបោសសម្អាត ធ្វើអនាម័យផ្ទះសម្បែង ការពារជំងឺផ្សេងៗ ទោះបីកន្លែងខ្លះ នៅទឹកដក់ តិចតួចក្តី ។

លោកទេសរដ្ឋមន្ត្រីបន្តថា នៅពេលប្រជាពលរដ្ឋ បានវិលត្រឡប់ចូលផ្ទះវិញបែបនេះ កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅតែបន្តផ្គត់ផ្គង់ទឹកស្អាត ជូនពួកគាត់ប្រើប្រាស់ តាមតម្រូវការ ចាំបាច់ដដែល និងបានណែនាំប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេស បញ្ហាអនាម័យផ្ទះសម្បែងដើម្បីកុំឲ្យប្រឈម និងជំងឺ ដង្កាត់ផ្សេងៗកើតមាន ។

បញ្ហាទឹកស្អាត សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភកាដុងដាក់ទឹកចំនួន 1000 កាដុង តាមរយៈលោកទេសរដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការចាំបាច់ជាក់ស្តែង ។

ចំពោះទឹកស្អាតវិញខាង ស្នងការនគរបាលខេត្តរតនគិរីបានដឹកជញ្ជូនបន្តបន្ទាប់ ចែកជូនប្រជាពលរដ្ឋ ដែលកំពុងរងការលំបាក ដោយគ្រោះ ទឹកជំនន់នេះលើសពីនេះទៀត ដោយឃើញនូវការលំបាករបស់ប្រជាពលរដ្ឋជាពិសេស លើការប្រកបមុខរបរផ្សេងៗសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី១២នេះ បានចាត់ឲ្យលោក គន់ គីម នាំយកអំណោយ ចែកជួនជាបន្តបន្ទាប់ រួមមានអង្ករ និង ឃិត ជាដើមដើម្បីដោះស្រាយបញ្ហាខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នាឆ្នាំនេះផងដែរ៕ ជីវ័ន្ត


ចែករំលែក៖