ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានជូនដំណឹងដល់អ្នកលក់ដូរ ភ្ញៀវទេសចរមួយចំនួនឲ្យបញ្ឈប់រាល់សកម្មភាពក្រាលកន្ទេល និងដាក់អង្រឹង ដើម្បីទទួលទាន អាហារ និងលំហែកាយនៅជុំវិញបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរវត្ត ។
អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កន្លងមកក្រុមការងារបានណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនេះ ប៉ុន្តែនៅមានអាជីវករ និងទេសចរណ៍មួយចំនួនពុំបានអនុវត្តតាមនោះទេ ដោយយកប្រយោជន៍បុគ្គលជាចម្បង ។ សកម្មភាពទាំងនេះ អាជ្ញាធរជាតិអប្សរាបានចាត់ទុកថា ធ្វើឲ្យប៉ះពាល់គុណតម្លៃបេតិកភណ្ឌវប្បធម៌ បរិស្ថាន និងសណ្ដាប់ធ្លាប់សាធារណៈនៃរមណីយដ្ឋានអង្គរ ។
តាមសេចក្ដីជូនដំណឹង អាជ្ញាធរអប្សរាទុកពេលឲ្យសាធារណជន ជាភ្ញៀវទេសចរណ៍រយៈពេល ៤៥ថ្ងៃ គិតពីថ្ងៃជូនដំណឹងនេះ ដើម្បីបញ្ឈប់សកម្មភាពដាក់អង្រឹង ក្រាលកន្ទេល ទទួលទានអាហារ និងលំហែកាយនៅបរិវេណទាំងនេះ ។ បើមិនដូច្នោះទេ អាជ្ញាធរនឹងមានវិធានការរដ្ឋបាលដោយរឹបអូសសម្ភារៈទាំងនោះ និងមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ៕ ប៊ុនរិទ្ធី