ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយយំបោកខ្លួន ព្រោះតែកូនប្រុសចងកសម្លាប់ខ្លួនទាំងក្មេងខ្ចី 

ចែករំលែក៖

ភ្នំពេញ ៖ សំឡេង​ទ្រហ៊ោយំដ៏គួរឲ្យសង្វេគ មួយបានធ្វើឲ្យសមត្ថកិច្ចចុះមកពិនិត្យកាលពីវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្រោយពីយុវជនម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនចោលម្ដាយ និងបងប្អូននៅបន្ទប់ជួលលេខ១១ មួយកន្លែងក្បែររោងចក្រទឹកកក ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ចេន សុវណ្ណិត អាយុ១៨ឆ្នាំ មុខរបបកម្មករផលិតទឹកកក ស្នាក់នៅបន្ទប់ជួល ត្រង់ចំណុចកើតហេតុ មានស្រុកកំណើតនៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

បើតាមសម្ដីលោក សរ សុភ័ណ្ឌ នាយរងផ្នែកយុតិធម៌នគរបាលប៉ុស្ដិ៍ដង្កោ ដែលបានដឹងពីម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពេលព្រឹក ជនរងគ្រោះនៅផ្ទះម្នាក់ឯង ដោយម្ដាយចេញទៅធ្វើការបាត់ ហើយជនរងគ្រោះក៏មានជំងឺសសៃប្រសាទផង មិនដឹងជាតូចចិត្តនឹងអ្វី ក៏សម្រេចចិត្តធ្វើអត្តឃាតចងក សម្លាប់ខ្លួន ។ លុះក្រោយមក ក៏មានអ្នកជិតខាងដែលរស់នៅក្បែរបន្ទប់ជួល បានឃើញ ក៏ទាក់ទងទៅបងប្អូន និងម្ដាយជនរងគ្រោះ រួមទាំងកាត់ខ្សែចងក ទំលាក់ជនរងគ្រោះចុះក្រោម តែអកុសល ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានក៏ចុះមកទីតាំងខាងលើ និងទាក់ទងទៅខាងសមត្ថកិច្ចជំនាញខាងកោសល្យវិឆ័យ ឲ្យមកពិនិត្យ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតមែន ។ ក្រោយមក សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី  ៕ ភារ៉ា ដង្កោ


ចែករំលែក៖