ខេត្តកណ្ដាល៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានអះអាងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ផ្លូវបេតុងមួយខ្សែជាង១០គីឡូនេះរួចហើយ។ លោកបានអះអាងថា គ្រឿងចក្រក៏បានត្រៀមរួចជាស្រេចនឹងចេញប្រតិបត្តិការឈូសឆាយ ផ្លូវមួយខ្សែនេះដែលស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ប៉ុន្តែ នៅរង់ចាំភ្លើងខៀវ ការចុះហត្ថលេខាអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសិន។
តាមការបញ្ជាក់របស់ ឯកឧត្តម កែវ រ៉េមី បន្ទាប់ពីប៉ុន្មានខែមុន ខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ បានចុះសិក្សារួចហើយនឹងរាយការណ៍ជូនសម្តេចតេជោ ហ៊ុនសែន ដើម្បីធ្វើផ្លូវនេះ។
តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ សីហានេះ មានភ្ជាប់រូបភាពផ្លូវដែលកំពុងស្ថិតក្នុងការពិបាកធ្វើដំណើរនោះ យ៉ាងដូច្នេះថា៖ «បងប្អូនអ្នកនៅឃុំព្រែកអំបិលតាមសួរខ្ញុំរហូតពីផ្លូវមួយខ្សែនេះ។ ខ្ញុំបានតាមរឿងនេះរហូតមក សូម្បីតែម្សិលមិញក៏បានសួរគេដែរ តែនៅសល់មួយជំហ៊ានចុងក្រោយប៉ុណ្ណោះ នៅពេលណាដែលឯកសារទទួលបានចុះហត្ថលេខាពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ គ្រឿងចក្រអាចចាប់ដំណើរការបានហើយ»។ ទន្ទឹងនោះ លោក ក៏បានស្នើសុំបងប្អូនក្មួយៗអភ័យទោសចំពោះបញ្ហានេះផងដែរ។
គួររឮកថា កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ ក្នុងវេទិការហូបនំបញ្ចុក ឯកឧត្តម កែវ រ៉េមី បានអះអាងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចឱ្យសាងសង់ផ្លូវបេតុងកាត់មាត់ស្ទឹងព្រែកអំបិល ប្រវែង១០,៥០០ម៉ែត្រ ទន្ទឹង៨ម៉ែត្រជូនប្រជាពលរដ្ឋឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានប្រើប្រាស់៕ ហេង សូរិយា