ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខេត្តសៀមរាប​ត្រជាក់ល្ហឹម

ចែករំលែក៖

ក្រៅតែពីអំពើពុករលួយក្នុងបញ្ហា​ជញ្ជីងថ្លឹងរថយន្តតាមផ្លូវជាតិលេខ​៦ ក្នុងស្រុកប្រាសាទបាគង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប​ត្រូវប្រជាពលរដ្ឋមើលឃើញថា មិនបានបញ្ចេញលុយប្រើកម្លាំងទៅជួសជុល​ផ្លូវខូចខាតបន្តិចបន្តួច​នៅក្នុង​ខេត្តនោះឡើយ ។ ប្រការនេះ ត្រូវបានក្រុម​មន្ត្រីនៅក្នុងមន្ទីរខ្សឹបខ្សៀវ​អំពីជោគវាសនាលោកប្រធាន គឹម ប៉ុណ្ណា ដែលល្អប្រសើរជាង​លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ។ គេនិយាយថា អំពើពុករលួយដូចគ្នា និង​កិច្ចការងារខ្សោយដូចគ្នា ប៉ុន្តែលោក គឹម ប៉ុណ្ណា មានសំណាងជាងលោក ណុប ហេង ។ ដោយសារតែសំណាងបែបនេះហើយ ទើបបានជាលោកណុប ហេង នៅបន្តជិះសេះលែងដៃ ក្នុងការប្រព្រឹត្តអំពើពុករលួយ បញ្ហាជញ្ជីងថ្លឹងរថយន្ត និងមិនខ្ចីរវល់នឹងការកសាងផ្លូវក្នុងខេត្តនោះឡើយ ។

ប្រភពរាយការណ៍ថា ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាប គឺជាកន្លែងថ្លឹងលុយយ៉ាងពិតប្រាកដ ។ ប្រជាពលរដ្ឋ, ក្រុមឈ្មួញ និងអាជីវករ ដឹកទំនិញកសិផល ឆ្លងកាត់ផ្លូវជាតិលេខ​៦ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាបនិយាយថា ទោះបីពួកគាត់​ផ្ទុកទំនិញកសិផលលើសទម្ងន់ ឬមិនលើសទម្ងន់ក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្ត​​ប្រចាំនៅស្រុកប្រាសាទ​បាគង​ចៀសមិនផុតឡើយ ។ ឈ្មួញអ្នករកស៊ីដឹកទំនិញធំៗ ក្រៅពីបង់ប្រាក់​ឲ្យមន្ត្រីប្រចាំការ​នៅពេលមានរថយន្ត​ឆ្លងកាត់ ក៏ត្រូវបង់ប្រាក់ប្រចាំខែ​ជូនប្រធានស្ថានីយ​ថ្លឹងរថយន្តនៅទីនោះទៀត ។ ផ្លូវ​រងការខូចខាតដោយរថយន្តដឹកលើសទម្ងន់​មិនត្រូវ​បានលោកគឹម ប៉ុណ្ណា ខ្វល់នឹងចាត់ការជួសជុល​ឲ្យបានល្អប្រសើរឡើងវិញនោះឡើយ ពោលគឺដឹងតែប្រមូលលុយញាត់ហោប៉ៅ និង​ជូនថ្នាក់លើ​ដើម្បីបង្ហាញថ្វីដៃ​អំពីការប្រមូលបានពីបទល្មើស​នៃការ​ដឹកទំនិញលើសទម្ងន់តែប៉ុណ្ណោះ ។

គេរាយការណ៍ថា បើសិនជាគ្មានការបើកដៃ​ពីសំណាក់លោក គឹម ប៉ុណ្ណា ជាប្រធានមន្ទីរទេនោះ ក្រុមមន្ត្រី​នៅ​ស្ថានីយថ្លឹងរថយន្ត​លើផ្លូវជាតិលេខ​៦ ក្នុងស្រុកប្រាសាទបាគង មិនហ៊ានធ្វើអ្វីស្រេចតែនឹងចិត្តដូចសព្វថ្ងៃនេះទេ ។ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប​មើលឃើញថា ផ្លូវច្រើនខ្សែ​ក្នុងខេត្ត​ រួមទាំងកណ្តាលទីក្រុងផង រងការខូចខាតយ៉ាងធ្ងន់ ប៉ុន្តែមិនដែលឃើញ​មានការជួសជុល​ឲ្យល្អប្រសើរឡើង​នោះឡើយ ។ ឃើញតែចាក់ដី​មួយបង្គី ពីរបង្គី ហើយពេលភ្លៀង​មក​ក៏ខូចដដែល ។ យ៉ាងដូច្នេះ​លោក គឹម ប៉ុណ្ណា មិនដែលខ្វល់ចំពោះការរិះគន់របស់ប្រជាពលរដ្ឋនោះឡើយ ហើយជាងនេះទៅទៀត បើទោះបីជាក្រសួងសាធារណការ បានដកមន្ត្រី​ពុករលួយ អសកម្ម ក៏លោកនៅតែមិនខ្វល់ ។ យ៉ាងដូច្នេះហើយ បានជាគេថា ជោគវាសនា​មនុស្សខុសគ្នា ។ ជាក់ស្តែង​លោកណុប ហេង អតីត​ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ត្រូវបាន​ថ្នាក់ដឹកនាំក្រសួង​ដក ព្រោះតែ​មិនព្រមជួសជុលផ្លូវ​ ។ ផ្ទុយទៅវិញ លោកគឹម ប៉ុណ្ណា អន់ជាងលោកណុប ហេង ជាច្រើនដង ប៉ុន្តែលោក​នៅតែអាច​បន្តកាន់តំណែង​ពុករលួយ​បានយ៉ាងស្រួល ៕


ចែករំលែក៖