ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងកាលពីរាត្រីថ្ងៃទី១៤ ខែសីហានេះ ក្រោយពីអតីតតារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជុំវិញបុរសជាមន្ត្រីយោធាម្នាក់បានប្រមាថ នាងចំៗថា ស្រីផិតប្តី និងជេរនាងតាមការ Call វីដេអូផងដែរ ។ តារាស្រីរូបនេះបានសម្រេចចិត្តប្តឹងលើបុរសនោះជាផ្លូវការហើយ ហើយនាងស្នើឲ្យមានការស្វែងរកយុត្តិធម៌មួយសម្រាប់ការមាក់ងាយមួយនេះ ។
ផ្តើមពីការLiveលក់ផលិតផលលើបណ្តាញសង្គមហ្វេសប៊ុកកាលពីរាត្រីថ្ងៃទី១៤ ខែសីហានេះ ស្រាប់តែលេចមុខបុរសម្នាក់មានគណនីយហ្វេសប៊ុក ឈ្មោះ “អ៊ូ រិទ្ធីតាខ្មៅ” បានចូលមកComment ពាក្យថា មនុស្សស្រីផិតប្តី រហូតធ្វើឲ្យអតីតតារាស្រីរូបនេះ មិនពេញចិត្តជាខ្លាំង ហើយបានព្យាយាមទាក់ទងតាមការហៅ (Call) ជាវីដេអូទៅកាន់បុរសម្នាក់នេះ ដើម្បីសួរនាំ។ មិនទាំងបានសួរនាំផងបុរសម្នាក់នេះ ថែមទាំងជេរដោយពាក្យ អសុរោះ បន្ថែមទៀត ដែលធ្វើឲ្យនាងកាន់តែខឹងសម្បាជាខ្លាំងរហូតសម្រេច Live ហ្វេសប៊ុកបន្តទាំងយប់ដើម្បីឲ្យមហាជនមានការដឹងលឺ ដោយនាងទាមទារនូវយុត្តិធម៌សម្រាប់រូបនេះ ។
នាងស្នើឲ្យស្នាប័នពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌សម្រាប់រូបនាង ខណៈដែលបុគ្គលរូបនេះបានជេរប្រមាថទាំងនាងមិនបានពាក់ព័ន្ធ ឬបញ្ចេញសកម្មភាពអ្វីក្រៅតែពីការLive លក់ផលិតផល ។ នាងថា “បើគ្មានយុត្តិធម៌មកលើខ្ញុំទៀតទេ ខ្ញុំអស់ជំនឿហើយ” ។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់គូស្នេហ៍ របស់អ្នកនាងគឺលោក ហេង ឡុង បានប្រកាសថា សមាគមសិល្បករខ្មែរសម្រេចប្តឹងបុគ្គលឈ្មោះ អ៊ូ រិទ្ធី ដែលបានជេរប្រមាថមកលើកអ្នកនាងចន ច័ន្ទលក្ខិណា ហើយលោករង់ចាំមើលថា តើក្រសួងការពារជាតិនិងចាត់វិធានការយ៉ាងណាចំពោះបុគ្គលរូបនេះ? ៕ វឌ្ឍនា