ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យសមត្ថកិច្ច នៅតាមបណ្ដាខណ្ឌ ត្រូវពង្រឹង កិច្ចសហការ ផ្នែកសន្ដិសុខ ពីម្ចាស់បុរី និងខុនដូរ នៅមូលដ្ឋាន របស់ខ្លួនឲ្យបានល្អ ក្នុងគោលបំណង រក្សាសន្ដិសុខ សុវត្ថិភាព ជូនពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា ។
លោកបានបញ្ជាក់បែបនេះ ខណៈ លោកចូលរួម ក្នុងកិច្ចប្រជុំ ទាក់ទិន និងការគ្រប់គ្រងជនបរទេស ការស្នាក់នៅ ពិសេសគឺបញ្ហាសន្តិសុខ នៅតាមបណ្ដាបុរី និង ខុនដូរ នៅក្នុងរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ បានធ្វើឡើង នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃពុធ១៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ត្រូវ នឹងថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញជាច្រើនរូបផងដែរ ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនេះបានលើកឡើងផ្ដោតទៅលើបញ្ហា នៃការមិនចូលរួមពីខាងសន្តិសុខឯកជន តាមបុរី និង ខុនដូ មួយចំនួន ដែលមិនបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ដូចជា មិនផ្ដល់ព័ត៌មាននានា មកជំនាញសមត្ថកិច្ច មិនអនុញ្ញាតឲ្យសមត្ថកិច្ច ឬអាជ្ញាធរ ចេញចូល បុរី ឬ ខុនដូ ដែលជាហេតុធ្វើឲ្យប៉ះពាល់ ដល់ការគ្រប់គ្រងការស្នាក់ នៅរបស់ពលរដ្ឋ ការរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន និងក្ដាប់សភាពការណ៍ មិនគ្រប់ជ្រុងជ្រោយជាដើម ។
លោក ក៏បានបញ្ជាឲ្យខណ្ឌទាំងអស់ ផ្តល់នូវរបាយការណ៍ប្រចាំខែ អំពីការងារត្រួតពិនិត្យ គ្រប់គ្រងជនបរទេស រស់នៅតាមខុនដូរ សណ្ឋាគារ បុរី និងក្នុងផ្ទះសំណាក់ និងការងាររក្សាសន្តិសុខក្នុងមូលដ្ឋានគ្រប់គ្រងតាមខណ្ឌនីមួយ ដែលគណៈបញ្ជាការឯកភាពរាជធានីបានប្រជុំដាក់ ចេញនូវផែនការកាលពីពេលថ្មីៗកន្លងទៅនេះ ជាពិសេសលទ្ធផលនៃការអនុវត្តនូវបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យមានការបង្កើនប្រជាកាពារឡើងវិញនៅតាមសង្កាត់និមួយ ថាតើមកដល់ពេលនេះទទួលបាន លទ្ធ ផលបែបណាហើយ ។
សូមបញ្ជាក់ថា៖ កន្លងមកនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្ដច្បាប់ស្តីពីអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព ។ ក្រសួងមហាផ្ទៃក៏បានពិនិត្យឃើញថា មានម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទជាច្រើន បានអនុវត្តតាមសេចក្តីណែនាំដោយស្មារតីភ្ញាក់រលឹករួសរាន់ និងការទទួល ខុសត្រូវខ្ពស់ប៉ុន្តែនៅមានម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានមួយចំនួន ពុំទាន់យល់អំពីកាតព្វកិច្ច និងអនុវត្តត្រឹមត្រូវតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅឡើយ ។
ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេស ឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពផ្ទាល់របស់ជនបរទេសគ្រប់រូប ដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃបានធ្វើការណែនាំឲ្យម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវរាយការណ៍អំពីវត្តមានជនបរទេស ដែលបានចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនដល់ប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ-សង្កាត់នៅក្នុងមូលដ្ឋាន ហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវផ្តល់កិច្ចសហការធ្វើកិច្ចការនេះឲ្យមានប្រសិទ្ធភាព និងផ្តល់របាយការណ៍ឲ្យបានទៀងទាត់ ។ ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានណា ដែលមិនបានរាយការណ៍ ពីវត្តមាន នៃការស្នាក់នៅរបស់ជនបរទេស តាមការកំណត់នៃច្បាប់ និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញតិ ដែលមានចែងក្នុងច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា ៕ សំរិត