ខេត្តបន្ទាយមានជ័យ ៖ សកម្មភាពនៃការទន្ទ្រានកាប់ព្រៃតំតំបន់អភិរក្ស រនាមដូនសំយកដីធ្វើកម្មសិទ្ធិខុសច្បាប់ ពីក្រុមអនាធិបតេយ្យ ត្រូវបាន លោក ឯម សុខា អភិបាលស្រុកម៉ាឡៃ ដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ រួមមានមន្ត្រីបរិស្ថាន និងសុរិយោដី ចុះពិនិត្យ និងទប់ស្កាត់ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
ការចុះត្រួតពិនិត្យ ការកាប់ទន្ទ្រានដីព្រៃរនាមដូនសំ នៃដែនជម្រកសត្វព្រៃ ក្នុងព្រះរាជក្រឹត្យនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់មិនឲ្យមានការកាប់រាន ធ្វើឲ្យព្រៃរនាមដូនសំ មានការរេចរឹល និង អន្តរាយ។
លោក ឯម សុខា អភិបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន លើការកាប់រានទន្ទ្រានព្រៃ ដែនជម្រកសត្វព្រៃ ក្នុងដែនទេសភាពរនាមដូនសំ ដែលធ្វើឡើងពីសំណាក់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានមេខ្លោងនៅពីក្រោយខ្នង លោកក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យជាក់ស្ដែង ។ ជាលទ្ធផលក្នុងការចុះពិនិត្យនេះ លោករកឃើញថា ពិតជាមានការកាប់ទន្ទ្រានដីព្រៃពិតមែន ហើយក្នុងនោះឃើញមានការសង់ខ្ទមព្រោងព្រាតនៅតាមតំបន់ព្រៃដែលបានកាប់រុករានរួចរាល់ ហើយមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានប្រមូលផ្ដុំគ្នាកាប់រានដោយខ្លះប្រើកាំបិតពូថៅ និងខ្លះទៀតប្រើដោយគ្រឿងចក្រ ។
ក្នុងនោះដែរ លោកអភិបាលស្រុក បានអប់រំ និងប្រាប់ដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបានមកកាត់រានហើយសាងសង់ខ្ទមអនាធិបតេយ្យ ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ បំពានទៅលើដីព្រះរាជក្រឹត្យនេះ គឺឲ្យរុះរើចេញជាបន្ទាន់ បើមិនដូច្នោះទេ អាជ្ញាធរស្រុក នឹងបង្កើតគណៈកម្មការចម្រុះ ចុះរុះរើ ឈូសឆាយ ដោយប្រើកម្លាំងប្រដាប់អាវុធ ជាមិនខាន។
ជាមួយគ្នានោះដែរ លោកក៏បានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់របស់អ្នកនៅពីក្រោយខ្នង ដែលបំផុសបំផុលឲ្យមកកាប់រានដីព្រៃ ដែលជាសម្បត្តិរបស់រដ្ឋឲ្យសោះ ព្រោះវា បង្កឲ្យមានភាពអនាធិបតេយ្យ និងមានបញ្ហាដល់ខ្លួនឯងផ្ទាល់ ជាពិសេសជាប់ជំពាក់ជំពិនជាមួយនឹងច្បាប់ ៕ សំ វិច្ឆិកា