ព័ត៌មានទាន់ហេតុការណ៍៖

ដកតំណែងលោកគឹម ប៉ុណ្ណា តែងតាំងលោក គី វីរិន្ទ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបជំនួសវិញ

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកគឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ត្រូវបានដកតំណែងឲ្យទៅបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ។

ការផ្លាស់ប្ដូរមុខតំណែងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។

លោក ស៊ុន ចាន់ថុល បានណែនាំឲ្យប្រធានមន្ទីរថ្មី ត្រូវធ្វើខ្លួនជាអ្នកបម្រើរាស្រ្ត មិនត្រូវធ្វើជាចៅហ្វាយនាយរបស់រាស្ត្រទេ !លោកបានលើកឡើងថា ការផ្លាល់ប្តូរប្រធានមន្ទីរនាពេលនេះ ជាការលើកកម្ពស់ការអភិវឌ្ឍវិស័យសាធារណការ ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប និងជំរុញឲ្យប្រធានមន្ទីរថ្មីរៀបចំផែនការការងារ១០០ថ្ងៃ ដើម្បីអនុវត្តន៍ ក៏ដូចជាបង្ហាញស្នាដៃការងារក្នុងតំណែង និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូន ។

លោក គី វីរិន្ទ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបជំនួសលោក គឹម ប៉ុណ្ណា បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំធ្វើការលើវិស័យសាធារណការ និងអនុវត្តន៍ការងារតាមគោលការណ៍របស់ក្រសួងដែលបានដាក់ចេញ ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា។ រំលឹកកាលពីមុន លោក គី វីរិន្ទ ធ្លាប់ជាប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ អតីតប្រធានមន្ទីរសាធារណការខេត្តឧត្ដរមានជ័យ និងធ្លាប់ជាអនុប្រធានមន្ទីរសាធារណការខេត្តបាត់ដំបងទៀតផង ៕ ប៊ុនរិទ្ធី


ចែករំលែក៖