នៅក្នុងឆ្នាំ២០១៩នេះ ប្រទេសជុំវិញពិភពលោកប្រឈមនឹងគ្រោះធម្មជាតិកើតឡើងផ្ទួនៗគ្នា បំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន ។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ មានមនុស្សជាង៥ពាន់នាក់ស្លាប់ដោយគ្រោះធម្មជាតិ និងធ្វើឲ្យខាតបង់ប្រាក់ជាង៤៤ពាន់លានដុល្លារអាមេរិក ។
ក្រុមអ្នកជំនាញបានលើកឡើងថា នៅ៦ខែចុងក្រោយនៃឆ្នាំ២០១៩នេះ នឹងមានអ្នកស្លាប់ កាន់តែច្រើនទៀត ក៏ដូចជាខាតបង់ ប្រាក់ក៏កាន់តែច្រើនផងដែរ ។ តាមការលើកឡើងរបស់នេះ ក្រុមហ៊ុនធានារ៉ាប់រងស្វីស Swiss Re បានឲ្យដឹងថា គ្រោះ និងមហន្តរាយធម្មជាតិ ដែលជាស្នាដៃរបស់មនុស្ស បានបង្កឲ្យមានការបាត់បង់ជីវិត និងបាត់ខ្លួនមនុស្សជាង ៥ពាន់នាក់ និងធ្វើឲ្យមានការខាតបង់សេដ្ឋកិច្ចអស់ ៤៤០០០លានដុល្លារអាមេរិក ក្នុងរយៈពេលតែ៦ខែដំបូង នៃឆ្នាំ២០១៩ គិតក្នុងកំរិតពិភពលោកទាំងមូល ។
ការខាតបង់ដែលធ្ងន់ធ្ងរនឹងសំខាន់ជាងគេ គឺបណ្តាលមកពីខ្យល់ព្យុះសង្ឃរា និងទឹកជំនន់ ដែលមានកើតឡើងនៅគ្រប់ជ្រុងនៃភពផែនដី ។ នេះបើតាមសេចក្តីពន្យល់បំភ្លឺក្នុងរបាយការណ៍របស់ស៊្វីស ដែលភ្នាក់ងារសារព័ត៌មានបារាំងAFP ទទួលបាន ។ ខ្យល់ព្យុះIdai ដែលបានបោកបក់យ៉ាងកំណាច ពាំនាំទឹកភ្លៀងបង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅ ប្រទេសម៉ូសំប៊ិច ម៉ាឡាវី ស៊ីមបាវ៉េ និងម៉ាដាហ្កាស្កា ជាគ្រោះធម្មជាតិដ៏សាហាវជាងគេ ដោយបានសម្លាប់មនុស្សអស់ជាងមួយពាន់នាក់ ។ នេះបើតាមរបាយការណ៍Swiss Re ដដែល ។
ជាសរុប ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ មានមនុស្សជាង៥ពាន់នាក់ បានបង់ជីវិត ឬបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ទល់នឹង៣៩០០នាក់ កាលពីឆ្នាំ២០១៨គិតក្នុងរយៈពេល៦ខែដំបូងដូចគ្នា ។ បើតាមតួលេខរបស់ភ្នាក់ងារSwiss Re ដែលកត់ត្រាការខូចខាតដោយគ្រោះមហន្តរាយធម្មជាតិតាំងពី៥០ឆ្នាំមក ឆ្នាំ២០១៨ ជាឆ្នាំដែលមានការបាត់បង់ទាបជាងបំផុតមួយ ។
និយាយអំពីការខាតបង់សេដ្ឋកិច្ចវិញ បើតាមរបាយការណ៍លម្អិតរបស់Swiss Re គ្រោះធម្មជាតិនៅដើមឆ្នាំ២០១៩ បានធ្វើឲ្យមានការខាតបង់ជាថវិកា កំរិត៤០ពាន់លានដុល្លារ និង៤ពាន់លានដុល្លារ ជាការខាតបង់បង្កឡើងដោយមនុស្ស ដូចជាធ្វើឲ្យមានគ្រោះថ្នាក់ឧស្សាហកម្មជាដើម ។ ល ។ ប៉ុន្តែ ការខាតបង់ជាសាច់ប្រាក់អស់៤៤០០០លានដុល្លារសម្រាប់រយៈពេលមួយឆមាសដំបូង នៅមានកំរិតទាបជាងបរិមាណនៃខាតបង់ជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះទេ ។ កាលពីឆ្នាំ២០១៨ ការខាតបង់សេដ្ឋកិច្ចបង្កដោយគ្រោះមហន្តរាយធម្មជាតិ បានឡើងដល់៥១០០០លាន ។
ហេតុអ្វីបានជាដូច្នោះ ? បើ Swiss Re មូលហេតុ គឺមកពី គ្រោះធម្មជាតិដ៏កំណាចៗនៅឆមាសទីមួយនៃឆ្នាំ២០១៩ បានកើតឡើងនៅក្នុងទ្វីបអាហ្វ្រិក និងឥណ្ឌា ទីដែលមានប្រព័ន្ធធានារ៉ាប់រងទន់ខ្សោយបំផុត ឬក៏គ្មានសោះតែម្តងផង ។ ក្រុមហ៊ុនធានារ៉ាប់រងចំណាយសងត្រឹមតែប្រមាណ៤២%នៃទឹកប្រាក់ខាតបង់សរុបប៉ុណ្ណោះ ។ តួលេខនេះសបញ្ជាក់ឲ្យឃើញជាថ្មី អំពីកង្វះខាតផ្នែកធានារ៉ាប់រងយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍៕