ភ្នំពេញ៖ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានដេញចាប់ជនសង្ស័យ៣នាក់ ក្រោយពេលធ្វើសកម្មភាពលួចកង់បីឥណ្ឌាមិនបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២ និង២០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៧១ ខាងមុខក្លឹបប៊្លូឡាញ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ សម្បត្តិ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។ ទី២ឈ្មោះ កែវ សុធី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល និងទី៣ ឈ្មោះ ថុល លីឆេង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់ នៅមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះមានឈ្មោះ រតនា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ពាក់ស្លាក លេខភ្នំពេញ 1HJ-8465 ស្នាក់នៅភូមិអក្សរ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្ដីជនរងគ្រោះ និងអ្នករត់កង់បីឥណ្ឌា ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុខពេលកើតហេតុគេឃើញ ជនសង្ស័យ៣នាក់ បានដើរមកក្បែរកង់បីឥណ្ឌារបស់ជនរងគ្រោះ ដោយមានជនសង្ស័យ២នាក់ធ្វើអង្គុយក្បែរ និងម្នាក់ ទៀតធ្វើសកម្មផ្ដាច់ប្រព័ន្ធភ្លើងបំណងលួច ។
ក្រោយមក ក៏មានអ្នករត់កង់បីឥណ្ឌាដូចគ្នាឃើញសកម្មភាពជនសង្ស័យ ក៏សួរនាំពួកគេ តែពួកគេបាននាំគ្នារត់គេចខ្លួន ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាដេញចាប់ខ្លួនបានទាំង៣នាក់ ។
បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំពួកគេទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ