គណបក្សប្រជាធិបតេយ្យ អាមេរិក បានដាក់គំនាបទៅលើ ប្រធានាធិបតីដូណាល់ ត្រាំ ឲ្យអនុម័តច្បាប់គ្រប់គ្រង អាវុធ ឲ្យបានឆាប់បំផុត ដើម្បីបញ្ចៀស ការប្រើប្រាស់កាំភ្លើង ខុសច្បាប់សម្លាប់មនុស្សជាច្រើន ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ ៥ រូបនៅក្នុងសភា បានធ្វើសន្និសីទកាសែត ដោយមានការចូលរួមពីសាច់ញាតិជនរងគ្រោះផងដែរ ។ នៅក្នុងសន្និសីទកាសែតនោះ បាន ដាក់សម្ពាធ ទៅលើប្រធានាធិបតីអាមេរិកចេញច្បាប់គ្រប់គ្រងអាវុធឲ្យបានល្អបំផុត។
ប៉ុន្តែចំពោះប្រធានាធិបតីដូណាល់ ត្រាំ វិញ កាលពីថ្ងៃទី១៦ ខែសីហា បានបញ្ចាក់ថា ចង់ទប់ស្កាត់ការបាញ់ប្រហារ អាមេរិកត្រូវតែសង់មន្ទីរពេទ្យឆ្កួតបន្ថែម ដោយអ្នកបាញ់ប្រហារជាមនុស្សសសៃប្រសាទ ។
លោកត្រាំធ្វើឲ្យពលរដ្ឋអាមេរិកខកចិត្តកាន់តែខ្លាំង ដោយលោក បានលើកឡើងពីករណីបាញ់ប្រហារផ្ទួនៗគ្នានៅអាមេរិក នាពេលកន្លងមក សម្លាប់មនុស្សយ៉ាងច្រើន ។ លោកត្រាំមិនបានលើកពីផែនការទប់ស្កាត់ការប្រើប្រាស់កាំភ្លើងនោះឡើយ ផ្ទុយទៅវិញលោកថាបើចង់ទប់ស្កាត់ការបាញ់ប្រហារត្រូវតែសង់មន្ទីរពេទ្យឆ្កួតនៅអាមេរិកឲ្យបានច្រើន ព្រោះអ្នកបាញ់ប្រហារ ជាមនុស្សសសៃប្រសាទ។
សារព័ត៌មាន រ៉យទ័របានលើកឡើងនៅសម្តីរបស់លោកត្រាំ ពេលឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Hampshire សម្រាប់ការបោះឆ្នោតឆ្នាំ២០២០។កន្លងមកលោកត្រាំ បានពិភាក្សា ជាមួយតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ ហើយបានសរុបសេចក្តីឃើញថា អ្នកបាញ់ប្រហារនៅអាមេរិក ពាក់ព័ន្ធសសៃប្រសាទ។
លោកត្រាំបញ្ចាក់ទៀតថា «យើងមិនចង់ឲ្យមនុស្សឆ្កួតមានកាំភ្លើងនោះឡើយ ដូច្នេះយើងចាំបាច់ត្រូវតែបង្កើនមន្ទីពេទ្យ ព្យាបាលជំងឺផ្លូវចិត្តពាក់ព័ន្ធសសៃប្រសាធ។ បច្ចុប្បន្នប្រធានាធិបតីដូណាលត្រាំ រងសម្ពាធយ៉ាងខ្លាំង ពីមហាជន ក្រោយបាញ់ប្រហារពីរលើកនៅ រដ្ឋតិចសាសនិង Ohio ៕