ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ តោះភ្នាល់ ! ៩ វិច្ឆិកា ២០១៩​ ទណ្ឌិត សម រង្ស៊ី ចូលមកស្រុកវិញមែនឬអត់ ?

ចែករំលែក៖

មិនមែនបានន័យថា នាយជាលខ្ញុំ បបួលគ្នាលេងល្បែងស៊ីសងស្អីនោះទេ ការពិតមកពីនាយជាលខ្ញុំធុញនិងជ្រិញពេក នឹងការសន្យា របស់ទណ្ឌិត ​សម រង្ស៊ី ដែលប្រកាសបោកប្រាសសកម្មជនរបស់ខ្លួនថា នឹងវិលត្រឡប់ចូលមកប្រទេសកម្ពុជា ម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ តែធាតុពិត មិនខ្មេះ គឺជាការបោកប្រាស់ភូតកុហក បំភ្លៃ សាធារណមតិ ជាតិ អន្តរជាតិ ជាពិសេសសមាជិកសកម្មរបស់គាត់តែប៉ុណ្ណោះ ។

អីឡូវនេះទៀតក្រោយពីផ្លាស់ប្តូរពេលវេលាម្តងហើយម្តងទៀតតាមអំពើចិត្ត ម្តងថាមកឆ្នាំនេះ ម្តងថាមកឆ្នាំនោះ ម្តងថាមកខែនេះម្តងថាមកខែនោះ ម្តងថាមិនប្រាប់ថ្ងៃ ពិតប្រាកនៃការវិលត្រឡប់មានភាពក្រឡិចក្រឡុចនេះ ទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់រូបភាពខ្មោចគណបក្សសង្គ្រោះជាតិប្រកាសកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃខួប៦៦ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិដើម្បីវិលចូលប្រទេសកម្ពុជាវិញ ទៀតហើយ ។

ការសន្យា ប្រៀបបាននឹងខ្យល់នេះហើយ ទើបនាយជាលហ៊ានបបួល បងប្អូនទាំងឡាយភ្នាល់គ្នា តើទណ្ឌិត សម រង្ស៊ី ហ៊ានចូលស្រុកនៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃរំលឹកខួបលើកទី៦៦ បុណ្យឯករាជ្យជាតិខាងមុខនេះដែរឬអត់ ? សម្រាប់នាយជាលវិញ សូមភ្នាល់ដាក់ថា « មិនហ៊ាន» បើនាយជាលចាញ់ សុំ១ សងជា១០ ឬអាចនិយាយបានថាអាចប៉ាវចូលច្រៀងខារ៉ាអូខេអោបស្រីក្មេងមួយយប់ទល់ភ្លឺក៏បាន តែបើនាយជាលឈ្នះវិញ សុំតែកាហ្វេទឹកកកមួយកែវ បានហើយ តើហ៊ានទេ ?

បានជានាយ ជាល ហ៊ានភ្នាល់គ្នាយ៉ាងនេះ ព្រោះនាយជាលដឹងច្បាស់ណាស់ថា ការប្រកាសកំណត់យកថ្ងៃទី៩ វិច្ឆិកាខាងមុខ វិលចូលស្រុករបស់ សម រង្ស៊ី នេះគ្រាន់តែជាផែនការបោកប្រាស់សាជាថ្មីដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ក្រុមខ្លួនប៉ុណ្ណោះ ជាពិសេសនៅពេលខ្លួនជិតធ្វើដំណើរទៅប្រទេសអូស្ត្រាលី ជួបជុំអ្នកគាំទ្រខ្លួន។ នេះអាចជាល្បិចកលរៃអង្គាសលុយឱ្យបានច្រើនថែមទៀត បន្ថែមពីលើគម្រោងផែនការលើកមុនដែលថាចំណាយថវិកា៣០ម៉ឺនដុល្លារដើម្បីដំណើរវិលត្រឡប់មកកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៊ី ខណៈសំបុត្រយន្តហោះមានតម្លៃមិនដល់ ៥ ពាន់ដុល្លារផងសម្រាប់កៅអីថ្លៃ។ ហេតុអ្វីបានជាត្រូវការលុយច្រើនម៉្លេះ ? នាយជាលក៏មិនដឹងដែរ គ្រាន់តែភ្ញាក់ព្រើត បន្ទាប់ពីឃើញ ក្នុងវីដេអូឃ្លីបខ្លីមួយនាពេលថ្មីនេះ លោក អេង ឆៃអ៊ាង ជាមនុស្សស្និទ្ធិ នឹងទណ្ឌិត សម រង្សី បំផុតនោះ មានលុយសន្ធឹកសន្ធាប់កំពុងអង្គុយលេងល្បែងក្នុងការស៊ីណូនៅសហរដ្ឋអាមេរិកយ៉ាងរំភើយ ។ តើលុយនេះ លោក អេង ឆៃអ៊ាង បានមកពីណា ? ៕ នាយជាល


ចែករំលែក៖