ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀន៤កញ្ចប់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនសកម្ម២នាក់ និងដកហូតថ្នាំញៀនចំនួន៤កញ្ចប់ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចរោងបាយរបស់ជនសង្ស័យឈ្មោះ វុធ រ៉ាវិន ស្ថិតក្នុងភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានមានគ្នា២នាក់ ទី១ / ឈ្មោះ វុធ រ៉ាវិន ហៅស្មាច់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងទី២/ ឈ្មោះ ស៊ឹង សុខគា ហៅ ប៉ិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យទាំង២នាក់ មានទីលំនៅបច្ចុប្បន្នភូមិ វាលឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៤កញ្ចប់តូច ,ទូរស័ព្ទដៃ១គ្រឿង និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា នៅថ្ងៃខែឆ្នាំកើតហេតុ នគរបាលជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង ទទួលបានព័ត៌មានថា មានជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចភូមិឃុំកើតហេតុ ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះបង្រ្កាប ត្រួតពិនិត្យ ឆែកឆេរ ក្នុងរោងបាយរបស់ជនសង្ស័យឈ្មោះ វុធ រ៉ាវិន ហៅស្មាច់បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៤កញ្ចប់តូចនិង សំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ វុធ រ៉ាវិន ហៅស្មាច់ បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន៤កញ្ចប់តូច ពិតជារបស់ខ្លួនបា្រកដមែន ដែលខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ក្នុង១កញ្ចប់ធំ តម្លៃ ២០០,០០០រៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង១កញ្ចប់តូច តម្លៃ ១៥,០០០រៀល ៕ ស្អាងជ័យ


ចែករំលែក៖