ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាឆក់កាបូបយ៉ាងសកម្មត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម បើកប្រតិបត្ដិការបង្រ្កាបដេញតាម ពួនស្ទាក់ រហូតឃាត់ខ្លួនបាន នៅក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្ដាល និង ស្រុកកងមាស ខេត្តកំពង់ចាម នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក្រោយពីជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពឆក់កាបូបគេ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤៦នាទី ត្រង់ចំណុចផ្លូវលេខ៧០អា ភូមិពាមឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ពៅ រតនា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1GC-9345 ទូរស័ព្ទដៃ២គ្រឿង ។

ប្រភពដដែលបន្ដថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបលុយគេ ត្រង់ចំណុចផ្លូវលេខ៧០អា ភូមិពាម ឃុំរកាកោងទី១ ក្រោយពីមសមត្ថកិច្ចស្រុកមុខកំពូលទទួលបានព័ត៌មានខាងលើនេះ ភ្លាមនោះ ក៏សហការជាមួយកម្លាំងនគរបាល ខេត្ដកំពង់ចាម ដោយស្រាវជ្រាវ ស្វែងរកមុខញ្ញា រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក៏ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូ ភ្លាមសមត្ថកិច្ចស្រុកមុខកំពូល និងខេត្ដកំពង់ចាម ក៏បានជិះម៉ូតូដេញតាមចាប់ជនសង្ស័យ ខណៈនោះ ជនសង្ស័យ ក៏បានព្យាយាមបើកម៉ូតូរត់គេច ចូលតាមផ្លូវជាតិលេខ៦ ពីត្បូងទៅជើង សំដៅចូលផ្ទះរបស់ខ្លួន នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ តែទោះជាយ៉ាងណា ក៏សមត្ថកិច្ច ឃាត់ខ្លួនបានដដែល រួមទាំងដកហូតវត្ថុតាងដូចបានរៀបរាប់ខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូលុយគេប្រាកដមែន លើកទី១ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ៧០អា ស្ថិតក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល និងលើកទី២ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩និង១៥នាទី តាមផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ២៥-២៦ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖