ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខក្នុងមូលដ្ឋានល្អប្រសើរ តាមរយៈការគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់ទិសដៅ ត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងឆ្មក់បង្ក្រាបទីតាំងបើកល្បែងភ្នាល់តាមប្រព័ន្ធអ៉ីនធើណេត ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះលេខ១០១ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងផ្ទាល់ដោយលោករស់ សុភក្ត អភិបាលរងតំណាងលោកអភិបាលខណ្ឌ និង លោកម៉ៅ សឿត អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះដែរកម្លាំងចម្រុះឃាត់ខ្លួនមនុស្ស៤នាក់ ១-ឈ្មោះចាន់ ស្រីរ័ត្ន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារសុីសង ស្នាក់នៅសង្កាត់ បឹងត្របែក ខណ្ឌចំការមន។
២-ឈ្មោះមាស ចំរើន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
៣-ឈ្មោះកុល វណ្ណា ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៤-ឈ្មោះបុល សេរីវុធ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការស៊ីណូ ស្នាក់នៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោកម៉ៅ សឿត អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រាប់ថា បន្ទាប់ពីទទួលបានពត៍មានពីប្រជាពលរដ្ឋនៅថ្ងៃទី១៦-០៨-២០១៩ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្រ្ត អភិបាលរងខណ្ឌ, លោក វរសេនីយ៍ទោម៉ៅ សឿត អធិការរង ដោយមានការអនុញ្ញាត ពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប ជាក់ស្តែងទីតាំង បើកលេងល្បែងស៊ីសងខុសច្បាប់ ចាក់ភ្នាល់តាមប្រព័ន្ធអ៊ីនធឺណេត នៅទីតាំងខាលើ ដកហូត សម្ភារៈ វត្ថុតាងរួមមាន ៖ កុំព្យូទ័រ ០៩គ្រឿង, ម៉ាស៊ីនព្រីន០១គ្រឿង, ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស ស្លាកលេខ តាកែវ ១L-២២៤៩,កៅអីជ័រ១២, កង្ហារ០៣គ្រឿង, លុយ៩០០០០រៀល និងធ្វើការឃាត់ខ្លួនមនុស្ស០៤នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅ ចាត់ការតាមច្បាប់ ៕ សណ្តោស