ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងផ្អើលអ្នកភូមិអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងផ្អើលដល់ ប្រជាពលរដ្ឋជួយអន្តរាគមន៍ពន្លត់ និងរាយការណ៍ទៅនគរបាលហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅតាម ផ្លូវលេខ១០៧ ភូមិសាមគ្គីទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ម្ចាស់ផ្ទះឈ្មោះផល រដ្ឋា ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរលក់បន្លែជួលស្នាក់នៅ ហើយនៅមុនពេលកើតហេតុបុរសនេះបានបិទទ្វារផ្ទះចោលរួចបានចាកចេញទៅលក់បន្លែបាត់ ។ លុះដល់ពេលកើតហេតុ ក៏ស្រាប់តែត្រូវភ្លើងឆាបឆេះ ហើយត្រូវបានអ្នកជិតខាងប្រទះឃើញ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់មកក៏បាននាំគ្នាជួយពន្លត់ដោយការដងទឹកជះ និងយកទុយោបាញ់ទឹកប៉ុន្តែមិនបានរលត់ឡើយ រហូតមានមានការជួយអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អង្គភាពនគរបាលតម្រួតបទបញ្ជាទើបរលត់ទៅវិញ ។

នគរបាលបាននិយាយថា អគ្គិភ័យនេះសង្ស័យផ្ដើមចេញពីការទុស្សេចរន្តអគ្គីសនី ហើយខណៈនោះមិនមាននរណាម្នាក់ត្រូវរងគ្រោះដោយការរលាកភ្លើងនោះទេ ចំណែកឯម្ចាស់ក៏មិនបានដឹងភ្លាមៗដែរ រហូតដល់អ្នកជិតខាងខលប្រាប់ទើបដឹង ។ ហើយនៅក្នុងផ្ទះនោះមិនមានទ្រព្យសម្បត្តិច្រើនទេដែលនៅក្រោយពេលមានគ្រោះអគ្គិភ័យកើតឡើងបណ្ដាលឲ្យខូចខាតដំបូលផ្ទះខ្លះៗរួមជាមួយទូឈើ១ និងខោអាវមួយចំនួនប៉ុណ្ណោះ ៕ សុខាសែនជ័យ​


ចែករំលែក៖