ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញបេ្តជ្ញា ចិត្តពង្រីកសកម្មភាពមនុស្សធម៌របស់ខ្លួនឲ្យកាន់តែខ្លាំងក្លាដើម្បីធានា ប្រសិទ្ធភាព នៃការផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះនានាឲ្យបានទាន់ពេលវេលា ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានថ្លែងក្នុងពិធីប្រកាសតែងតាំង លោក ជិន ប៊ុនធឿន ជានាយកប្រតិបត្ដិ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញកាលពីព្រឹថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះថា៖ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំផែនការយុទ្ធ សាស្រ្តរបស់ខ្លួនដោយខិតខំប្រឹងប្រែងបំពេញ បេសកកម្មមនុស្សធម៌ឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀតក្នុងបុព្វហេតុរួមចំណែកក្នុងវិស័យមនុស្សធម៌តាមរយៈការជួយសង្គ្រោះជីវិតមនុស្សការដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ។ លោកអភិបាលរាជធនីភ្នំពេញ បានថ្លែងថា កិច្ចខំប្រឹងប្រែងក្នុងសកម្មភាពមនុស្សធម៌នេះ ក្នុងន័យជួយពនឿនការកាត់បន្ថយអត្រាភាពក្រីក្រការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញឲ្យកាន់តែមានភាពប្រសើរឡើង ។
លោកបន្តថា ៖ ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានប្រើប្រាស់ធនធានរបស់ខ្លួនដើម្បីឆ្លើយតបចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើនក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះរួមមានចាស់ជរាជនគ្មានទីពឹងស្ត្រីមេម៉ាយទុរគតស្ត្រីសម្រាលកូនកុមារគថ្លង់យុវជនញៀនថ្នាំជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ជាពិសេសបានអន្តរាគមន៍បានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញដូចជាព្រោះអគ្គីភ័យខ្យល់កន្ត្រាក់ព្រោះរាំងស្ងួតបាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើមស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។
លោកស្រីពុំ ចន្ទីនីអគ្គលេខាធិការកាកបាទ ក្រហមកម្ពុជាបានមានប្រសាសន៍ថា បានសម្តែងការកោតសរសើរដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដែលបានបំពេញបេសកកម្មភាពមនុស្សក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ។ លោកស្រីបានអះអាងថា ការរៀបចំរចនាសម្ព័ន្ធរបស់សាខាថ្នាក់រាជធានីរហូតដល់សហគមន៍ ដ៏រឹងមាំនេះបានផ្តល់សេវាត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយនឹងជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះប្រកបដោយប្រសិទ្ធភាពហើយទាន់ពេលវេលា ។
លោកស្រី បានសង្កត់ធ្ងន់ថាការងារមនុស្សធម៌ជាការងារដ៏ធំធេងធ្ងន់ធ្ងរតែវាឧត្តុង្គឧត្តមណាស់មិនអាចតួរអង្គណាម្នាក់ស្ថាប័នណាមួយឬប្រទេសណាមួយអាចសម្រេចកិច្ចការនេះតែឯកឯងបានឡើយ ។ ដូច្នេះចាំបាច់ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងការជួយឧបត្ថម្ភគាំទ្រពីសម្បុរជនជាតិអន្តរជាតិនានាបន្ថែមទៀតដើម្បីឲ្យស្ថាប័ន្ធមនុស្សមួយនេះកាន់តែបំពេញបាននូវតួនាទីរបស់ខ្លួនជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនានានៅក្នុងសង្គម ។
សូមបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាបានសម្រេចតែងតំាងលោកជិនប៊ុនធឿនជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលា ។
លោក ជិន ប៊ុនធឿន ក្នុងនាមជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញថ្មីបានប្តេជ្ញាចិត្តថាដើម្បីឆ្លើយតបចំពោះទំនុកចិត្តរបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងលោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញលោកនឹងអនុវត្តការងារឲ្យបានល្អដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧នៃចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម ។ យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំគណៈកិត្តិយសគណៈកម្មាធិការសាខាពិសេសអនុសាសន៍ដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ។ រក្សាសាមគ្គីភាពក្នុងជួរក្រុមប្រតិបត្តិសាខា និងទទួលយកនូវការតម្រងទិសពីគណៈកម្មាធិការសាខាដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជាមានវិស័យស្នូល៤គឺការគ្រប់គ្រងគ្រោះមហន្តរាយ_ សុខភាព និងការថែទាំសុខភាពសហគមន៍លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍន៍ស្ថានប័ន និងអភិវឌ្ឍន៍ធនធាន ។ អនុវត្តឲ្យបានខ្ជាប់ខ្លួនដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០កាត់បន្ថយអត្រាមរណៈភាពមាតា និងទារកផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ឆ្នាំ២០២៥ស្របតាមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ និងឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ។ អភិវឌ្ឍស្ថាប័នធនធានក្នុងការកៀរគរមូលនិធិពីសប្បុរសជនដើម្បីបម្រើការងារមនុស្សធម៌ និងការណែនាំអនុសាខាឲ្យបំពេញភារៈកិច្ចមនុស្សធម៌ស្របតាមវិស័យស្នូលទាំង៤នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ។ ពង្រឹងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជានៅតាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សាឲ្យប្រឹងប្រែងចូលរួមធ្វើសកម្មភាពមនុស្សធម៌ ។ ពង្រឹងពង្រីកសកម្មភាពយុវជននៅតាមគ្រឹះស្ថានសិក្សាក្នុងការងារមនុស្សធម៌ ។ ផ្សព្វផ្សាយវិធានការត្រៀមបង្ការហានិភ័យនានាដែលបង្កដោយគ្រោះធម្មជាតិត្រៀមជួយអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយកើតឡើងទាន់ពេលវេលា៕ សំរិត