ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសាលាខណ្ឌកំបូលម្នាក់ ត្រូវជនសង្ស័យភ្ជង់ប្លន់ម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីសណ្តាប់ធ្នាប់សាលាខណ្ឌកំបូលម្នាក់ត្រូវបានជនសង្ស័យភ្ជង់ប្លន់យកម៉ូតូបានសម្រេចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី ១៨ ខែសីហា ២០១៩ ចំណុចផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភិនភាគ កម្ពស់ប្រហែល១.៦៣ម៉ែត្រ រាងស្តើង ពាក់អាវធំខ្មៅ និងពាក់ពួកសុវត្ថិភាព ខ្មៅ រត់គេចខ្លួន ។

ចំណែកជនរងគ្រោះឈ្មោះ អ៊ីន សារ៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសណ្តាប់ធ្នាប់ សាលាខណ្ឌកំបូល មានទីលំនៅភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល ។

ម៉ូតូដែលជនសង្ស័យប្លន់យកនោះ ម៉ាកហុងដាសេឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ ស៊េរី ២០១១ ពាក់ស្លាក ភ្នំពេញ 1AY-6822 ជារបស់ជនរងគ្រោះ ។ បន្សល់ទុក៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ គ្មានស្លាកលេខ ។

តាមរបាយការណ៍នគរបាលបានឲ្យដឹងថា​ មុនពេលកើតហេតុកម្លាំងនគរបាលបានទទួលដំណឹងពីមន្ត្រីសាលាខណ្ឌកំបូលថា​ មានករណីនគរបាលដេញជនសង្ស័យដែលមានភិនភាគខាងលើជិះម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរី២០១៧ គ្មានស្លាកលេខ​ ​ ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទោក បានពួនស្នាក់គ្រប់ច្រកល្ហក ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ និងដេញធាក់ម៉ូតូជនសង្ស័យដួលពេលនោះ ជនសង្ស័យបានរត់គេចខ្លួនស្រាប់តែជួប និងមន្ត្រីសាលាខណ្ឌកំបូលម្នាក់ដែលកំពុងដេញតាមជនសង្ស័យដែរនោះ ។

នគរបាលបានឲ្យដឹងថា​ ភ្លាមនោះជនសង្ស័យបានដកកាំភ្លើងខ្លីមិនចាំម៉ាក មកភ្ជង់យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដើម្បី សមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖