ខេត្តប៉ៃលិន៖ មេរោគដែលសម្ងំជ្រកក្រោមស្លាបសង្គម នៃការអនុវត្តច្បាប់ចរាចរណ៍ របស់នគរបាលខេត្តប៉ៃលិន…!!! ។ នេះជាការបញ្ចេញមតិរបស់ពលរដ្ឋក្នុងនាមជាអ្នកមានឆន្ទៈចូលរួមគោរពច្បាប់ចរាចរណ៍ បានបង្ហោះសារលើ Facebook យ៉ាងដូច្នេះថា៖ ខ្ញុំគ្រាន់តែជាពលរដ្ឋសាមញ្ញម្នាក់ប៉ុណ្ណោះ.. គ្មានអំណាច គ្មានឥទ្ធិពលអ្វីគ្របដណ្ដប់ទៅលើដែនសមត្ថកិច្ចឬតួនាទីមន្ត្រីនគរបាលជាតិទេ ។ ប៉ុន្តែខ្ញុំសុំសិទ្ធិបញ្ចេញមតិយោបល់ឬ ទស្សន:របស់ខ្ញុំផ្ទាល់ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូបដែលមានភារកិច្ចឬកាតព្វកិច្ចក្នុងការពោរពច្បាប់រដ្ឋ និង កាតព្វបង់ពន្ធជូនរដ្ឋលើយានយន្តរបស់ខ្ញុំ.. ដែលខ្ញុំមាន.. ។
ក្នុងន័យនេះ ខ្ញុំចង់លើកយកអំពីការអនុវត្តច្បាប់ចរាចរណ៍ដែលឡូកឡំទៅដោយភាពមិនប្រក្រតីមួយចំនួន របស់កម្លាំងនគរបាលការិយាល័យចរាចរណ៏មួយក្រុម នៃស្នងការនគរបាលខេត្តប៉ៃលិន ។ កម្លាំងមួយក្រុមនេះ កំពុងមមាញឹករាល់ថ្ងៃនៅចំណុច(អូររោងគុក) លើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតនៅជាប់ព្រំប្រទល់ រវាងខេត្តប៉ៃលិន និង ខេត្តបាត់ដំបង ។
ជាដំបូងសារនេះ ខ្ញុំសូមផ្ញើរជាពិសេសជូនលោក សេង សុគន្ធ ស្នងការនគរបាលខេត្ត និង លោក ជា… ជូនជ្រាបជាដំណឹងបឋម.. ។ ខ្ញុំបានបើកឡានចេញពីក្រុងប៉ៃលិន ឆ្ពោះទៅកាន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ ហើយនៅម៉ោង៩គត់ ខ្ញុំបានមកដល់ចំណុច (អូររោងគុក) ក៏ត្រូវកម្លាំងចរាចរណ៏ប្រចាំគោលដៅនោះ កាក់ឡានខ្ញុំដើម្បីត្រួតពិនិត្យឯកសារនានា ។
មន្ត្រីម្នាក់លើកដៃគោរពខ្ញុំយ៉ាងមានរបៀប រួចសុំត្រួតពិនិត្យឯកសារយានយន្ត តែបានប្រាប់ឲ្យខ្ញុំកាន់ឯកសារទាំងអស់ទៅបង្ហាញលោកនគរបាល៣នាក់ ដែលអង្គុយដូចកុងសី នៅក្បែរតុ ក្រោមម្លប់ស្វាយ ។ លោកនគរបាលពាក់ស័ក្ដិ២ម្នាក់មាឌល្អិតអង្គុយប្រឡោះកណ្ដាលជាអ្នកពិនិត្យឯកសារនោះ មានកាតគ្រី និង ប័ណ្ណបើកបររបស់ខ្ញុំ.. ។ ប៉ុន្តែមិនគ្រប់គ្រាន់ទេ លោកមាឌល្អិតនោះបានទាមទារកគល់បញ្ជីឈៀកទៀត ។
រឿងសួររកគល់បញ្ជីឈៀកនេះ ខ្ញុំបានតបទៅគាត់ថា សន្លឹកឈៀកគេបានបិតលើកញ្ចក់រថយន្តខ្ញុំនៅខាងមុខ ហេតុអីក៏លោកមិនពិនិត្យ.? ស្រាប់តែលោកមាឌល្អិតនោះ បើកភ្នែកធំ តម្លើងបំពង់កសំឡុតដាក់ខ្ញុំបែបគ្មានសុជីវធម៍ថា «ខ្ញុំត្រូវការពិនិត្យទាំងនៅជាប់ឡាន ទាំងគល់បញ្ជី.. ព្រោះខ្ញុំនិយាយតែពីច្បាប់ ខ្ញុំត្រូវអនុវត្តតាមច្បាប់.. » ។ ខ្ញុំមិនហ៊ានតវ៉ាលោកស័ក្ដិ២ល្អិតដ៏មហិមានោះយូរទេ.. ខ្ញុំក៏ទៅយកគល់បញ្ជីឈៀកមកឲ្យគាត់មើលទៀត ។
ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ស្របពេលដែលលោកស័ក្ដិ២នោះកំពុងដេញដោលសួររកឯកសារឡានខ្ញុំសព្វគ្រប់ ស្រាប់តែគ្រានោះមានតៃកុងឡានដឹកទំនិញ និងឡានតាក់ស៊ីប៉ុន្មាននាក់ ដែលត្រូវលោកនគរបាលកាត់សួររកឯកសារដែរ បានចុះពីឡានដើរយកលុយមកញ៉ាត់ក្រោមកាតាបខ្មៅមួយនៅតុ.. ទាំងដុំៗ ក្បែរខាងស្ដាំដៃខ្ញុំ ជាបន្តបន្ទាប់អមដោយពាក្យថា «អធ្យាស្រ័យមេ.. ខ្ញុំមិនបានដាក់ឯកសារមកតាម» ។ រីឯខ្លះទៀតប្រាប់ថា «ឯកសារឡានខ្ញុំកំពុងធ្វើ..» រួចហើយពួកគេរត់ឡើងឡានបើកចេញទៅក្រោមក្រសែភ្នែកខ្ញុំ និង ម្ចាស់ឡានប៉ុន្មាននាក់ទៀតដែលឈរព្រាតនៅទីនោះដោយសារអត់លុយសូកប៉ាន់គេ ។
មើលឃើញជាក់ច្បាស់ផ្ទាល់ភ្នែក នូវទង្វើបែបទុច្ចរិតនេះ ខ្ញុំក៏រមាស់មាត់ជ្រុលសួរទៅលោកស័ក្ដិ២រាងល្អិតនោះថា បើលោកនិយាយលើកឡើងតែអំពីច្បាប់.. ៗ.. ៗ ជាប់មាត់រហូតបែបនេះ ចុះអម្បាញ់មិញនេះ.. ខ្ញុំឃើញតៃកុងឡានប៉ុន្មាននាក់យកលុយទាំងក្ដាប់ៗ មកញ៉ាត់ក្រោមកាតាបនៅលើតុ.. ជាបន្តបន្ទាប់.. ហើយថែមទាំងនិយាយថា ខ្ញុំមិនបានដាក់ឯកសារតាម.. តើនោះជាលុយអ្វី.. ឬ ជាលុយសូកប៉ាន់..?
លោកប៉ូលិលមាឌល្អិតនោះ ហាក់ធ្លាក់ទឹកមុខ តែបានប្រឹងប្រែងឆ្លើយដោះសារទាំងបំពានថា លុយនៅណា..? នោះជាតុតើ..? ។ មែន..! ពិតជាតុមែន..! ព្រោះខ្ញុំចង្អុលលើតុ ដែលជាចំណុចដាក់លុយ តែលុយសំណូកទាំងនោះ ត្រូវបានមន្ត្រីល្អិតម្នាក់ទៀតដែលគ្រប់គ្រងកាតាប បានឆក់ឱកាសយកលុយញ៉ាត់ចូលកាតាបអស់ ស្របពេលខ្ញុំដើរទៅយកឯកសារពីឡានបន្ថែម ។
ពិតមែនតែការបកអាក្រាធ កម្លាំងចរាចរណ៍នៅប្រចាំគោលដៅខាងលើនេះ គ្មានភស្ដុតាងក្នុងដៃ តែខ្ញុំបានឃើញផ្ទាល់ភ្នែក ។ ព្រោះពេលនោះ ខ្ញុំគ្មានភារកិច្ចទៅសំកុក ចាំថតយកភស្ដុតាងសូកប៉ាន់នោះទេ គឺខ្ញុំចូលទៅកន្លែងនោះដោយសារលោកនគរបាលកាក់ត្រួតពិនិត្យឡានខ្ញុំ.. ទើបខ្ញុំដឹង និងបានឃើញរឿងនេះ ។
ដូចដែលខ្ញុំ បានរៀបរាប់ខាងលើនេះ.. ខ្ញុំសូមសួរទៅលោកស្នងការនគរបាលខេត្តប៉ៃលិនថា តើកន្លងមកលោកធ្លាប់ឮល្ហៀងៗខ្លះទេ អំពីការអនុវត្តច្បាប់មិនប្រក្រតី នៃក្រុមចរាចរណ៍របស់លោកខាងលើនេះ ? តើលោកជឿទេ ចំពោះការលើកឡើងរបស់ខ្ញុំ ដែលខ្វះភស្ដុតាងបែបនេះ.? ។ ខ្ញុំមិនបង្ខំឲ្យជឿទេ.. ។
ប៉ុន្តែបើលោកមិនជឿ ឬ ជឿជាក់តិចតួច សូមលោកចាត់កម្លាំងសម្ងាត់ប្រកបដោយឆន្ទះ ចុះបន្លំខ្លួនទៅតាមឃ្លាំមើលសកម្មភាពកម្លាំងជំនាញមួយក្រុមនោះ លោកនឹងបានដឹងអំពីភាពស្អុយរលួយរបស់ក្រុមនោះហើយ តែបើលោកស្នងការនៅតែមិនខ្វល់ មិនអើពើនឹងរឿងនេះ លោកនៅតែចាញ់បោកកូនចៅរបស់លោកដដែល ដែលតែងធ្វើរបាយការណ៏ភូតកុហកលោក រាល់ថ្ងៃ ។
ខ្ញុំគិតថា រឿងនេះមិនធំដុំទេ.. តែវាជាមេរោគតូចមួយ ដែលអាចបង្កឲ្យក្លាយជាជំងឺមហារីក ស៊ីរូងផ្ទៃក្នុងសង្គមបានយ៉ាងងាយ បើយើងមិនព្រមព្យាបាលវាទេ ។ លោកស្នងការគួរតែធ្វើការពិនិត្យ និងស្រាវជ្រាវអំពីចំណុចខ្វះខាតទាំងនេះ ។ តែយ៉ាងណា គេជឿថា ជនដែលប្រព្រឹត្តកំហុសដាច់ខាតមិនទទូលកំហុសទេ ថែមទាំងបដិសេធដាច់អហ័ង្កាទៀតផង.. ។
បើមិនសមរម្យ សូមលោកស្នងការអធ្យាស្រ័យផង… ព្រោះខ្ញុំលើកមកជម្រាបលោក ក្នុងន័យស្ថាបនា ដើម្បីឈានទៅរកភាពល្អប្រសើរនៅក្នុងអង្គភាពតែប៉ុណ្ណោះ.. ៕ ប្រភពពលរដ្ឋតាមហ្វេសបុក